(ស្វាយរៀង)៖ លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយសង្កាត់សង្ឃ័រ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារអនាម័យមួយចំនួនដល់រដ្ឋបាលសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ដើម្បីត្រៀមទុកចែកជូនដល់ប្រជាពលរដ្ឋ ដែលជាប់ធ្វើចត្តាឡីស័កតាមខ្នងផ្ទះ និងប្រជាពលរដ្ឋដែលជួបការខ្វះខាតនៅមូលដ្ឋាន ក្នុងអំឡុងពេលជំងឺកូវីដ១៩ កំពុងរាលដាលនៅក្នុងសហគមន៍។

លោក ជូ សុធី បានថ្លែងថា ក្នុងគ្រាដែលប្រទេសកម្ពុជា ក៏ដូចជាខេត្តស្វាយរៀងកំពុងឆ្លងរាលដាលដោយជំងឺកូវីដ១៩ លោក ម៉ែន វិបុល ជាអភិបាលខេត្តបានខិតខំយកចិត្តទុកដាក់ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងបានគិតគូរអំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបការខ្វះខាត នៅក្នុងកំឡុងពេលជំងឺកូវីដ១៩ រាលដាលនៅក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈនៅមូលដ្ឋានខេត្តស្វាយរៀង។

លោកបានបន្ថែមថា ក្នុងខេត្តស្វាយរៀង មានករណីអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនករណីផងដែរ ដូចនេះសូមស្នើរដល់អាជ្ញាធរដែនដីក្នុងសង្កាត់សង្ឃ័រ ប្រជាពលរដ្ឋ មិនត្រូវធ្វេសប្រហែសឡើយ ត្រូវតែបន្តគោរពទៅតាមការណែនាំ របស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាលក្នុងការចូលរួមបង្ការទប់ស្កាត់ នៃការឆ្លងរាលដាលនៃជម្ងីកូវីដ១៩ នៅក្នុងសហគមន៍។ ត្រូវអប់រំពលរដ្ឋឱ្យពាក់ម៉ាស នៅគម្លាតគ្នា ព្រមទាំងធ្វើអនាម័យជាប្រចាំដោយលាងដៃជាមួយសាប៊ូ អាល់កុល ឬជែល និងរួមគ្នាកាត់ផ្ដាច់ ឬសគល់នៃការចម្លងជំងឺកូវីដ១៩ នៅខេត្តស្វាយរៀងឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។

លោកក៏បានផ្តាំផ្ញើឲ្យអាជ្ញាធរសង្កាត់សង្ឃ័រ ត្រូវយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋដែលចំណាកស្រុកក្រៅប្រទេសក៏ដូចជា បងប្អូនកម្មករកម្មការិនីដែលបម្រើការងារក្នុងរោងចក្រ ដែលមានវិជ្ជមានជំងឺកូវីដ១៩ អ្នកប៉ះពាល់ផ្ទាល់ ឬប្រយោល ត្រូវឱ្យពួកគាត់ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅដាច់ដោយឡែកពីក្រុមគ្រួសារ និងយកសំណាកទៅពិនិត្យរកមេរោគកូវីដ១៩ ដើម្បីធានាសុវត្ថិភាពដល់ខ្លួនឯងផង ដល់ក្រុមគ្រួសារ និងសហគមន៍ ជាពិសេសត្រូវអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នូវវិធាន «៣ការពារ និង៣កុំ» បើមិនចាំបាច់កុំចេញក្រៅផ្ទះផងដែរ។

លោកក៏បានណែនាំឱ្យក្រុមប្រឹក្សាសង្កាត់ ពេលទទួលបានសម្ភារនេះហើយត្រូវចេះយកទៅចែកជូនគ្រួសារដែលកំពុងធ្វើចត្តាឡីស័ក ឲ្យចំគោលដៅនិងណែនាំអោយពួកគាត់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងថែទាំសុខភាពឱ្យបានល្អ។

អំណោយដែលត្រូវប្រគល់ជូនសាលាសង្កាត់សង្ឃ័រ រួមមាន៖ ទឹកត្រី២៥យួរ ទឹកសុីអុីវ២៥យួរ អង្ករ២៥បាវតូច ទឹកសុទ្ធ៥០យួរ ម៉ាស១៥០ប្រអប់តូច អាល់កុល២៤ដប ត្រីខ២៥យួរសរុបជាទឹកប្រាក់ចំនួន ២,១៥២,០០០រៀល៕