(ភ្នំពេញ)៖ លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានចូលជួបសម្តែងការគួរសម និងជម្រាបលា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ក្នុងឱកាសដែលលោកស្រីបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។ ជំនួបនេះធ្វើឡើងនៅទីស្តីការក្រសួងការបរទេស។

លោកស្រី Eva NguyenBinh ជនជាតិបារាំងមានដើមកំណើតវៀតណាម បានចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា កាលពីដើមខែកក្កដា ឆ្នាំ២១០៧។ លោកស្រី Eva ធ្លាប់ធ្វើការវិស័យការទូតនៅប្រទេសឥណ្ឌា និងព័រទុយហ្គាល់បច្ចុប្បន្នលោកស្រីជាទីប្រឹក្សាផ្នែកកិច្ចសហប្រតិបត្តិការនិងសកម្មភាពវប្បធម៌របស់ស្ថានទូតបារាំងនៅវៀតណាម ហើយលោកស្រីក៏ជាប្រធានវិទ្យាស្ថានបារាំងនៅទីក្រុងហាណូយ ថែមទៀតផង។ លោកស្រី Eva គឺជាឯកអគ្គរដ្ឋទូតបារាំងស្រីដំបូងគេបំផុតក្នុងការបំពេញការងារជាឯកអគ្គរដ្ឋទូតបារាំង នៅប្រទេសកម្ពុជា។

ក្រៅពីជួបជាមួយលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន, ឱកាសចុងក្រោយនៃបេសកកម្មរបស់ខ្លួន លោកស្រីអគ្គរដ្ឋទូតបារាំង ក៏បានជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជាមួយចំនួនទៀតផងដែរ៕