(ភ្នំពេញ)៖ អ្នកឧកញ៉ា ឡេង ណាវាត្រា ដែលកំពុងមានភាពល្បីល្បាញ ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា បានបោះទុវិនិយោគក្នុងវិស័យថ្មីមួយទៀត គឺវិស័យធនាគារ និងហិរញ្ញវត្ថុ ដោយសម្រេចបើកនូវ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុថ្មីមួយ ដែលមានឈ្មោះថា «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវាត្រា ឃែភីថល ម.ក»

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវ៉ាត្រា ឃែភីថល ម.ក មានទីស្នាក់ការកណ្ដាល ស្ថិតនៅលើអាគារលេខ H07 B នៃមហាវិថី OCIC ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ក្រុមហ៊ុនបោះទុនបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះឡើង ក្នុងគោលបំណង ដើម្បីសំរួលដល់ការបង់រំលស់នៃគំរោងលំនៅឋានតំលៃក្រោមធ្យម នៅ២៥រាជធានីខេត្តទូទាំងប្រទេស។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ថា «គោលដៅរបស់ខ្ញុំ គឺត្រូវសាងសង់គម្រោងលំនៅឋានតម្លៃ ក្រោមមធ្យមនៅ ២៥ខេត្តក្រុង។ ដូច្នេះហើយ យើងបង្កើតគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុនេះ ដើម្បីជួយសម្រួលដល់អតិថិជន ដែលត្រូវបង់រំលស់រយៈពេលវែង»

លោក សេង សុខុម នាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវាត្រា ឃែភីថល ម.ក បានឲ្យដឹងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុថ្មីនេះ បាននិងកំពុងរៀបចំ ចាត់ចែងបុគ្គលិកជំនាញៗ តាមផ្នែកនីមួយៗ ដើម្បីបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលនឹងចាប់ដំណើរការនៅពេលឆាប់ៗខាងមុខនេះ។

អភិបាល និងជានាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវាត្រា ឃែភីថល ម.ក លោក សេង សុខុម បានលើកឡើងថា «ជាជំហានដំបូង របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយើងខ្ញុំ គឺផ្ដល់សេវាឥណទាន សម្រាប់អតិថិជន ដែលទិញលំនៅឋានរបស់ បុរី ឡេង ណាវ៉ាត្រា»

លោកបន្តថា យើងនឹងរួមសហការ ជាមួយនឹងដៃគូ ដែលមានកន្លងមកដើម្បីអភិវឌ្ឍន៍ និងជួយសង្គមជាតិយើង។ ជាការពិតណាស់ វិស័យហិរញ្ញវត្ថុ (មីក្រូហិរញ្ញវត្ថុ) គឺជាកាតាលីករដ៏សំខាន់សម្រាប់ជួយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា យើងឲ្យមានការជឿនលឿនដូចប្រទេសដទៃទៀត។

លោកបានបន្ថែមទៀតថា «អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវ៉ាត្រា ឡើងដើម្បីជួយសម្រួល ដល់បងប្អូនប្រជាពលរដ្ឋយើង ដែលមានចំណូលទាប (ក្រោមមធ្យម) អាចទិញលំនៅឋានបានស្នាក់នៅ និងបន្តប្រកបការងារបានដោយរលូន និងមានភាពកក់ក្ដៅ ដល់ការរស់នៅពិសេសដល់ស្រទាប់យុវវ័យ»

បើតាមលោក សេង សុខុម បញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវាត្រា ឃែភីថល បានទទួលអាជ្ញាប័ណ្ណស្របច្បាប់រួចហើយ ពីធនាគារជាតិកម្ពុជា និង ក្រសួងពាណិជ្ជកម្ម។ គ្រឹស្ថានមីក្រូហិរញ្ញវត្ថុ ចាប់ផ្ដើមដំណើការដំបូងគេនៅទីក្រុងភ្នំពេញ និងបន្ទាប់មកខេត្តសៀមរាប, បន្ទាយមានជ័យ, បាត់ដំបង, និងបណ្ដាខេត្តផ្សេងទៀតជាបន្តបន្ទាប់។

លោកបន្ថែមទៀតថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវាត្រា នឹងផ្តល់ឥណទាន (កម្ចី) ដើម្បីជួយសម្រួលដល់អតិថិជន ដែលបានទិញលំនៅដ្ឋានរបស់ បុរី ឡេង ណាវាត្រា ដែលមានលក្ខខណ្ឌងាយស្រួល មានជម្រើសជាច្រើន និងមានភាពកក់ក្តៅដល់អតិថិជនទៀតផង។

បើតាមលោកនាយកប្រតិបត្តិ សេង សុខុម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវាត្រា ឃែភីថល ក៏ត្រូវការថវិកាជាច្រើន ដើម្បីជួយដល់គម្រោងរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុនេះ និងត្រូវការដៃគូសហការដើម្បីជួយផ្តល់ឥណទាន ដល់អតិថិជនដែលទិញផ្ទះរបស់បុរី ឡេង ណាវាត្រា ផងដែរ។

គូសបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២១នេះ កម្ពុជាមានគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ ដែលកំពុងប្រតិបត្តិការសរុបចំនួន៨៣គ្រឹះស្ថាន ក្នុងនោះ ក៏មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវ៉ាត្រា ឃែភីថល ម.ក ដែលកំពុងត្រៀមខ្លួនបម្រើដល់អតិថិជនផងដែរ៕