(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានចោទប្រកាន់ប្រទេសកូរ៉េខាងជើងថា បានចាប់និស្សិតរបស់ខ្លួនមួយរូបយក ទៅកាត់ទោស ដោយសារតែរឿងនយោបាយប៉ុណ្ណោះ ហើយទីក្រុងវ៉ាស៊ីនតោន បានអំពាវនាវឲ្យដោះលែងនិស្សិត រូបនោះជាបន្ទាន់។ នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០១៦។

អ្នកនាំពាក្យសេតវិមានអាមេរិកលោក ចូស អឺណែសត៍ (Josh Earnest) ថ្លែងដូច្នេះថា «ទីក្រុងព្យុងយ៉ាង កំពុងតែប្រើប្រាស់ពលរដ្ឋអាមេរិក ធ្វើជាឈ្លើយសម្រាប់រឿងនយោបាយរបស់ខ្លួនឯង។ លោក Otto Warmbier វ័យ ២១ឆ្នាំ ជានិស្សិតនៃសកលវិទ្យាល័យ Virginia ត្រូវបានកាត់ទោសដាក់ពន្ធនាគារ ឲ្យបម្រើពលកម្មកម្រិតធ្ងន់ រយៈពេល ១៥ឆ្នាំ ដោយតុលាការកំពូលកូរ៉េខាងជើងកាលពីថ្ងៃពុធ។»

គួរបញ្ជាក់ថា ការកាត់ទោសឲ្យបម្រើការងារក្នុងពន្ធនាគារកម្រិតធ្ងន់នេះ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី០៤ ខែកុម្ភៈ មកម្ល៉េះ ហើយតុលាការកំពូលកូរ៉េខាងជើងបានបញ្ជាក់ថា ការកាត់ក្តីកម្រិតនេះ គឺមិនអាចឲ្យមានការប្តឹងឧទ្ធរណ៍ នោះឡើយ៕