(ភ្នំពេញ)៖ តំណាងរាស្រ្តថ្មី២រូប ត្រូវបានរដ្ឋសភាបោះឆ្នោតគាំទ្រ និងផ្តល់សុពលភាព នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ។

តំណាងរាស្រ្ត២រូបនោះ រួមមានលោក ខឹម ច័ន្ទគីរី តំណាងរាស្ត្រមណ្ឌលកណ្តាល ដែលជំនួស លោក ង៉ោ សុវណ្ណ ដែលសុំលាលែងទៅកាន់តំណែងក្នុងជួររដ្ឋាភិបាល និងលោក ម៉ែន កួន តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ ជំនួស លោក ប្រាជ្ញ ច័ន្ទ ដែលជាប់ឆ្នោតជាប្រធាន គ.ជ.ប។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ។

សម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នៅថ្ងៃនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិការរដ្ឋសភា ប្រមាណ៨២រូប រួមទាំងតំណាងរាជរដ្ឋាភិបាលដែលពាក់ព័ន្ធជាច្រើនផងដែរ។

តំណាងរាស្ត្រទាំង២រូប ត្រូវបានធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង ដោយប្រគល់ភារកិច្ចជូន អគ្គលេខាធិការដ្ឋានរដ្ឋសភា ទាក់ទងជាមួយក្រសួងព្រះបរមរាជវាំង ដើម្បីរៀបចំពិធីសច្ចាប្រណិបធាន ជូនលោក ខឹម ច័ន្ទគីរី និងលោក ម៉ែន កួន មុនចូលកាន់តំណែង៕