(កណ្តាល)៖ លោក ទៀង សុគន្ធ តំណាងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បាននាំយកអំណោយមនុស្សធម៌ ប្រគល់ជូនគ្រួសារសពចំនួន ២គ្រួសារ ដែលស្លាប់ដោយសារគ្រោះធម្មជាតិរន្ទះបាញ់ នៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ សមាជិកគ្រួសារ និងមនុស្សជាទីស្រលាញ់ ដែលបានស្លាប់ដោយសារគ្រោះធម្មជាតិរន្ទះបាញ់។

លោក ទៀង សុគន្ធ ក៏បានលើកឡើងថា ជាគោលការណ៍របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺទីណាប្រជាពលរដ្ឋមានទុក្ខលំបាក កាកបាទក្រហមត្រូវ ទៅដល់ទីនោះ ដើម្បីជួយដោះស្រាយនិងសម្រាលនូវការលំបាកឱ្យបានទាន់ពេលវេលា ដោយនាំយកអំណោយ ជាស្បៀងអាហារ និងជាសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗទៅជួយឧបត្ថម្ភជាបន្ទាន់ ដោយមិនបានប្រកាន់វណ្ណៈ ពូជសាសន៍ ប្រពៃណី សាសនា ពណ៌សម្បុរ ឬនិន្នាការ នយោបាយអ្វីឡើយដោយផ្អែកតាមគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាកាកបាទក្រហមអន្តរជាតិ។

លោកបានបន្ថែមថា អំណោយមនុស្សធម៌ដែលបានឧបត្ថម្ភជូននាឱកាសនេះ ថ្វីដ្បិតមានចំនួនតិចតួចស្តួចស្តើង មិនបានសមទៅនឹងទំហំនៃការបាត់បង់សមាជិកគ្រួសារ ក៏ពិតមែន ប៉ុន្តែវាក៏អាចជួយសម្រាលនូវការលំបាក ចំពោះមុខបានមួយកម្រិតផងដែរ។

សូមបញ្ជាក់ថា គ្រោះធម្មជាតិ (រន្ទះបាញ់) ដែលបណ្តាលឱ្យប្រជាពលរដ្ឋចំនួន២នាក់បានស្លាប់ គឺកើតហេតុនៅ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៣៖៤០នាទី នៅចំណុចទំនប់សង្កែសោម ស្ថិតក្នុងភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះ ០២នាក់ (ស្លាប់) មានឈ្មោះ ម៉ាត់ នសា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិឥស្លាម មុខរបរនេសាទ និងឈ្មោះ ស៊េន ម៉ាអ៊ែល ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិឥស្លាម មុខរបរនេសាទ អ្នកទាំងពីរមានទីលំភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

អំណោយមនុស្សធម៌ដែលសាខាបានផ្តល់ជូនដល់គ្រួសារសពទាំង២ ក្នុង១គ្រួសារទទួលបាន៖ អង្ករ៥០គីឡូក្រាម មី២កេស ត្រីខ២យួរ ទឹកសុទ្ធ២កេស ទឹកផ្លែឈើ១កេស ទឹកក្រូច១កេស ប្រេងឆា២ដប ម៉ាស់១ប្រអប់ ជែល២ដប និងថវិកា៤០ម៉ឺនរៀល៕