(បន្ទាយមានជ័យ)៖ លោក ព្រឿង រ៉េត ត្រូវបានប្រកាសចូលកាន់តំណែងអនុប្រធានពន្ធនាគារ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្រោមវត្តមានលោក សែម ស៊ីណង អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ, លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ, លោក ហេង កេសរោ អនុប្រធានសាលាដំបូងខេត្ត, លោក គង់ សំសារ៉េត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត អនុប្រធានការិ មន្ត្រីពន្ធនាគារនុរក្ស។

លោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ បានថ្លែងថា ជនជាប់ឃុំក្នុងពន្ធគារខេត្តបន្ទាយមានជ័យ រហូតមកដល់ពេលនេះមានចំនួនសរុប ១,៦៣៤នាក់ ស្រី១០៣នាក់ រួមមាន៖

*ជនត្រូវចោទមានចំនួន ២៨៤នាក់ ស្រី១៣នាក់
*ជនជាប់ចោទមានចំនួន ២៤៤នាក់ ស្រី ១៧នាក់
*ពិរុទ្ធជនមានចំនួន ៧៥៥នាក់ ស្រី ៤៤នាក់
*ទណ្ឌិត មានចំនួន ៣៥១នាក់ ស្រី២៩នាក់
*អនីតិជន មានចំនួន ៩០នាក់ ស្រី៤នាក់
*ចូលថ្មីមានចំនួន ៩៥នាក់ ស្រី៩នាក់
*ជនបរទេសមានចំនួន ៤៩នាក់ ស្រី៥នាក់
*កុមារតាមម្តាយមានចំនួន ៨នាក់ ស្រ្តីមានផ្ទៃពោះមានចំនួន ៥នាក់។

លោក អ៊ុង ស៊ីផាន បានបញ្ជាក់ថា ជនជាប់ឃុំទាំងអស់ ត្រូវបានប្រធានពន្ធនាគារយកចិត្តទុកដាក់បណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់គាត់មានដូចជា៖ រៀនកាត់ដេរ រៀនជួសជុលគ្រឿងអេឡិតត្រូនិច រៀនជួសជុលម៉ួតូ រៀនភ្លេងសម័យ រៀនកាត់សក់ រៀនអក្សរខ្មែរថ្នាក់ទី១ រហូតដល់ថ្នាក់ទី៨ ក្នុងនោះជនជាប់ឃុំត្រូវបានបន្ធូបន្ធយទោស លើកលែងទោសក្នុង១ឆ្នាំ មានចំនួន ៣លើកឯណោះ។

លោក សែម ស៊ីណង និងលោក គឹង វណ្ណៈ បានណែនាំដល់អនុប្រធានពន្ធនាគារ ខេត្តបន្ទាយមានជ័យថ្មី ត្រូវខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវបានការជឿទុកចិត្តពីអគ្គនាយកដ្ឋានពន្ធនាគារ និងក្រសួងមហាផ្ទៃ ដើម្បីបំពេញតាមតម្រូវការជាក់ស្តែងក្នុងស្មារតីទទួលការខុសត្រូវខ្ពស់ក្នុងការរក្សាសុវត្ថិភាពសុខភាព ជូនដលជនជាប់ឃុំលើការអប់រំកែប្រែស្តារនីតិសម្បទា ដល់ជនជាប់ចោទ ដើម្បីប្រែក្លាយពន្ធនាគារ ដែលជាកន្លែងធ្វើទារុណកម្មមកជាកន្លែងអប់រំ និងកែប្រែស្តារនីតិសម្បទាប្រកបដោយមនុស្សធម៌។

ក្នុងនោះលោក សែម ស៊ីណង លោក គឹង វណ្ណៈ បានកោតសរសើរដល់មន្ត្រីពន្ធនាគារកន្លងមក បានធ្វើការលះបង់កម្លាំងកាយ កម្លាំងចិត្ត ក្នុងការបម្រើផលប្រយោជន៍ជាតិទទួលបានជោគជ័យ។ លោកក៏បានឱ្យមន្ត្រីពន្ធនាគារទាំងអស់ ត្រូវបន្តខិតខំរួបរួមសាមគ្គីគ្នា ចេះស្រឡាញ់គ្នា និងត្រូវចេះជួយរែកពុនគ្នា និងប្រឹងប្រែងការងារឱ្យបានសក្តិសមដែលក្រសួងមហាផ្ទៃ បានផ្តល់នូវជំនឿទុកចិត្តឱ្យ៕