(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានថ្លែងថា កិច្ចខិតខំរបស់ចិន ដែលឈានមុខគេក្នុងវ៉ាក់សាំងពហុភាគីនិយម ផ្តល់សារ:សំខាន់យ៉ាងខ្លាំង។

លោកថ្លែងបែបនេះ ក្នុងសន្និសីទជាន់ខ្ពស់អាស៉ី-ប៉ាស៉ីហ្វិក ស្តីពីកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ក្រោមប្រធានបទ «ការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព» ដែលបានធ្វើឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ តបតាមការអញ្ជើញ របស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន។

ប្រមុខការទូតកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះ៖ «កិច្ចខិតខំប្រឹងប្រែងរបស់ចិន ដែលឈានមុខគេនៅក្នុងវ៉ាក់សាំងពហុភាគីនិយម ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ និងផ្តល់សារសំខាន់យ៉ាងខ្លាំង។ មកទល់ថ្ងៃនេះ ចិនបានចែកចាយវ៉ាក់សាំងជាង ៣៥០ លានដូសទៅដល់ដៃគូសហប្រតិបត្តិការសាកល»

លោកបន្តថា «ដោយប្ដេជ្ញាចិត្តក្នុងការធានាថា អ្នកណាក៏អាចទទួលបានវ៉ាក់សាំងដែរ ចិនបន្តគាំទ្រក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ខ្លួនក្នុងការផ្ទេរបច្ចេកវិទ្យា និងការផលិតវ៉ាក់សាំងរួមគ្នា ជាមួយប្រទេសកំពុងអភិវឌ្ឍនានាផងដែរ។ ជាមួយនឹងការប្តេជ្ញាចិត្តដ៏រឹងមាំទាំងនេះ យើងអាចមើលឃើញនូវអនាគតនៃពិភពលោកមួយដែលមានសុវត្ថិភាពជាងពេលបច្ចុប្បន្ន»

ក្នុងឱកាសនោះ លោក ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំសន្និសីទជាន់ខ្ពស់អាស៉ី-ប៉ាស៉ីហ្វិក ស្តីពីកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ក្រោមប្រធានបទដែលទាក់ទងយ៉ាងសំខាន់ទៅនឹងពិភពលោកនាពេលបច្ចុប្បន្ននេះ។

លោកថ្លែងថា កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការកសាងភាពជាដៃគូ ពិតជាមានសារៈសំខាន់ជាងពេលណាទាំងអស់ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីស្តារសេដ្ឋកិច្ច និងសង្គមឱ្យមានភាពរស់រវើក និងរួចផុតពីវិបត្តិសេដ្ឋកិច្ច-សង្គមដែលបង្កឡើងដោយជំងឺរាតត្បាតនេះ។

រដ្ឋមន្ត្រីការបរទេសកម្ពុជា ជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការតភ្ជាប់ គឺជាកាតាលីករដ៏សំខាន់នៃការងើបឡើងវិញរបស់យើង។ កិច្ចសហប្រតិបត្តិការតំបន់របស់យើងចាំបាច់ត្រូវផ្តោតលើការធានាថា ខ្សែសង្វាក់ផ្គត់ផ្គង់ ក្នុងតំបន់នៅតែមានភាពធន់រឹងមាំ។ យើងធ្វើបានល្អនៅក្នុងបរិបទនេះ អាស្រ័យដោយមានគម្រោងខ្សែក្រវាត់ និងផ្លូវជាច្រើន ដែលកំពុងដំណើរការលូតលាស់នៅទូទាំងតំបន់។

លោកបន្ថែមថា នៅកម្ពុជាយើងមានតំបន់សេដ្ឋកិច្ចពិសេសដ៏ធំមួយនៅខេត្តព្រះសីហនុ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិថ្មីនៅភ្នំពេញ និងខេត្តសៀមរាបជាដើម។ គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះបាន និងកំពុងវិវត្តន៍ទៅមុខយ៉ាងរលូន ហើយប្រាកដជានឹងចូលរួមចំណែកក្នុងការជម្រុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា។

ចំពោះការរំពឹងទៅថ្ងៃអនាគតនៃកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ នៅក្នុងតំបន់អាស៉ី-ប៉ាស៉ីហ្វិក លោក ប្រាក់ សុខុន បានចែករំលែកនូវគំនិតមួយចំនួនដូចតទៅ៖

* ទីមួយ៖ យើងត្រូវពង្រឹងកិច្ចសហការ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ លើការផលិត និងការចែកចាយវ៉ាក់សាំង ឱ្យកាន់តែប្រកបដោយបរិយាប័ន្ន និងសមធម៌ ហើយគួរចៀសវាងការយកជំងឺរាតត្បាតសកលមកធ្វើជាឧបករណ៍នយោបាយ។ ប្រការដែលសំខាន់ដូចគ្នានេះដែរ កិច្ចសហប្រតិបត្តិការតំបន់គឺជាការចាំបាច់ ដើម្បីពង្រឹងការការពារជំងឺរាតត្បាតទាំងឡាយនាពេលអនាគត។

* ទីពីរ៖ ការកសាង «សហគមន៍វាសនារួមសម្រាប់មនុស្សជាតិ» មិនមែនគ្រាន់តែជា ពាក្យស្លោកនយោបាយប៉ុណ្ណោះទេ ក៏ប៉ុន្តែ គឺជាកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលនឹងជួយឱ្យយើងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

* ទីបី៖ យើងត្រូវរក្សាឱ្យបាននូវប្រព័ន្ធពាណិជ្ជកម្ម និងវិនិយោគពហុភាគី ដែលឈរលើ
មូលដ្ឋានច្បាប់ ព្រមទាំងមានលក្ខណៈបើកចំហ និងបរិយាប័ន្ន។ ក្នុងន័យនេះ កិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នឹងដើរតួយ៉ាងសំខាន់ក្នុងការជម្រុញ «តំបន់និយមដែលមានលក្ខណៈបើកទូលាយ និងបរិយាប័ន្ន» និងគាំទ្រដល់ការងើបឡើងវិញប្រកបដោយបរិយាបន្ន័ និងចីរភាព។

* ទីបួន៖ យើងត្រូវផ្តល់ធនធានបន្ថែមទៀតក្នុងការគាំពារសង្គម។ ការគាំពារសង្គមនេះ មិនមែនជាការចំណាយ ឬជាការអូសបន្លាយនូវវិបុលភាពរបស់យើងនោះឡើយ ក៏ប៉ុន្តែផ្ទុយទៅវិញ វាជាការវិនិយោគទៅលើប្រជាជនរបស់យើង ដែលនឹងជួយជម្រុញសេដ្ឋកិច្ចឲ្យប្រកបដោយ
ថាមវន្ត បរិយាប័ន្ន និងរឹងមាំជាងមុន។ ខ្ញុំជឿជាក់ថា នេះគឺជាស្មារតីដ៏ពិតប្រាកដនៃគម្រោងខ្សែក្រវាត់ និងផ្លូវទាំងអស់។

ទន្ទឹមនឹងការគាំទ្រគំនិតផ្តួចផ្តើមទាំង២ ដែលស្នើឡើងដោយចិនស្ដីពីកិច្ចសហប្រតិបត្តិការវ៉ាក់សាំង និងភាពជាដៃគូក្នុងការអភិវឌ្ឍន៏បៃតង ប្រមុខការទូតកម្ពុជា មានសុទិដ្ឋិនិយមថា ស្មារតីនៃកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវនឹងបន្តរួមចំណែកដល់ការឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់យើង នៅក្នុងរយៈពេលច្រើនឆ្នាំទៅមុខទៀត៕