(បន្ទាយមានជ័យ)៖ លោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក្រើនរំលឹកដល់មន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ត្រូវគោរពច្បាប់ បំពេញការងារ តាមតួនាទីភារកិច្ចឲ្យបានល្អ និងត្រូវពន្លឿន ការអនុវត្តន៍ដីការឲ្យបានទាន់ពេលវេលា ចៀសវាងមានការកកស្ទះសំណុំរឿង ហើយនគរបាលយុត្តិធម៌ត្រូវតែស្គាល់ពីបេសកកម្មរបស់ខ្លួនឲ្យបានច្បាស់ ជាពិសេសបើចាប់ខ្លួនមនុស្សបានហើយ ត្រូវរាយកាណ៍ជូនតុលាការ ជាបន្ទាន់ជៀសវាងធ្វើខុសនិតិវីធីច្បាប់។

លោក កើត វណ្ណរ៉េត បានថ្លែងក្រើនរំលឹកយ៉ាងដូចនេះនាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលលោកដឹកនាំកិច្ចប្រជុំសំណេះសំណាល រវាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ជាមួយមន្ត្រី នគរបាលយុត្តិធម៌ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តន៍ច្បាប់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានធ្វើសេចក្តីរាយការណ៍ស្តីពីការងារកន្លងមក និងបានលើកពីបញ្ហា ប្រឈមនានា និងនិតិវិធីដាក់ជាសំណួរ និងសំណូមពរដល់ ស្ថាប័នតុលាការ និងតំណាងអយ្យការជួយសម្រួល និងដោះស្រាយដើម្បីបង្កលក្ខណៈងាយស្រួល ទាំងអស់គ្នាក្នុងការអនុវត្តន៍ច្បាប់។

លោក ងួន ណារ៉ា ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ បានថ្លែងកោតសរសើរចំពោះអង្គភាពនគរបាលខេត្តបន្ទាយមានជ័យ ដែលតែងតែមានកាសហការល្អ ជាមួយស្ថាប័នពាក់ព័ន្ធ និងស្ថាប័នតុលាការ ហើយបានបង្ក្រាបរាល់ បទល្មើសខុសច្បាប់តូចធំបានជាបន្តបន្ទាប់ ពិសេសបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន។ ក្រៅពីនេះនគរបាលក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចុះជួយសង្រ្គោះពលរដ្ឋ ពេលជួបគ្រោះធម្មជាតិ ទឹកជំនន់ ខ្យល់កន្ត្រាក់ និងការរួមចំណែកប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ-១៩៕