(ភ្នំពេញ)៖ ប្រធានគណៈកម្មការផ្សារធំៗរបស់រដ្ឋជាច្រើនផ្សារ បានបញ្ជាក់ថា ផ្សាររដ្ឋជាច្រើនបានឈានទៅរកភាពប្រក្រតីឡើងវិញជាបណ្តើរៗហើយ ជាមួយការអនុវត្តវិធានរបស់ក្រសួងសុខាភិបាល បានយ៉ាងម៉ត់ចត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ បើកឲ្យដំណើរការផ្សារឡើងវិញ ជាង១សប្តាហ៍មកនេះ។

ប្រធានគណៈកម្មការផ្សារទួលទំពូង លោក ចំរើន សុខលីម បានឲ្យដឹងនៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះថា ផ្សារទួលទំពូង នៅពេលនេះការបើកលក់ដូរ បានប្រមាណពី៨៥ទៅ៩០ភាគរយ និងអតិថិជនចូលទិញដូរប្រហែល៦០ទៅ៧៩ភាគរយប៉ុណ្ណោះ។ លោកថា គណ:កម្មការផ្សារបានចុះត្រួតពិនិត្យតាមតូប និងអតិថិជនចូលផ្សារមានដាក់ម៉ាស៉ីនវាស់កំដៅ និងម៉ាស៉ីនបាញ់អាល់កុល និងការចែកម៉ាស់ជាប្រចាំ ហើយអាជីវករក៏ដូចជាអតិថិជនចេញចូលផ្សារ ចូលរួមគោរពតាមវិធានការសុខាភិបាល។

ប្រធានផ្សារបន្លែច្បារអំពៅ លោក សាន់ ប៊ុណ្ណា និងលោក គួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅផ្សារច្បារអំពៅ បានបញ្ជាក់ថា ទាំងផ្សារបន្លែ និងផ្សារធម្មតាមានអាជីវករមកលក់៨០ភាគរយ ហើយនៅ២០ភាគរយ ជាអ្នកលក់មកពីតាមខេត្តលក់នៅក្រៅផ្សារ។ លោកសង្ឃឹមថា នឹងបាន១០០ភាគរយ នៅពេលដែលអាជ្ញាធរ ហាមមិនឲ្យលក់នៅតាមផ្លូវសាធារណៈ និងផ្លូវព្រែកបារាំង ម្តុំវត្តច្បារអំពៅ អាចលក់ចូលលក់ក្នុងផ្សារបាន១០០ភាគរយ។

ក្នុងផ្សារច្បារអំពៅនេះ មានភាពទូលាយជាងមុនដោយសារគណៈកម្មការផ្សារ អាជ្ញាធរខណ្ឌ និងសាលារាជធានី សហការគ្នាធ្វើឲ្យមានសណ្តាប់ធ្នាប់ល្អ និងអ្នកលក់ដូរមិនមានការចង្អៀត អាចលក់ដូរបានដោយស្រួល និងអាចជិះម៉ូតូចូលបាន។ ចំណែកការចូលមកលក់ដូររបស់អាជីវករវិញ បានរៀបចំឲ្យរបៀបរាបរយឲ្យពួកគាត់លក់ ដូរតាមរបៀបគម្លាតសុខាភិបាលផងដែរ។

ជាមួយគ្នានេះ លោក ឯក និមល ប្រធានគណៈកម្មការផ្សារបឹងកេងកង បានបញ្ជាក់ផងដែរ ផ្សារបឹងកេងកង ដល់ថ្ងៃនេះអាជីករចូលលក់ដូរ ប្រមាណ៧៥ភាគរយគ្រប់មុខរបរទាំងអស់ ដោយអតិថិជនចូលផ្សារមានប្រហែល៣០០ទៅ៤០០នាក់ ដោយបើកច្រកចំនួន៨ច្រកទ្វារ ព្រោះបានរឹតបន្តឹង ក្នុងការចេញចូល នឹងអនុវត្តវិធានការសុខាភិបាលនៅតាមមាត់ច្រក មានម៉ាស៉ីនវាស់កម្ដៅ និងម៉ាស៉ីនបាញ់អាកុលស្វ័យប្រវត្តិ ព្រមទាំងដាក់កម្លាំងឲ្យអ្នកចូលផ្សារត្រូវស្គេនជាប្រចាំ។

សម្រាប់សន្តិសុខនៅខាងក្នុងផ្សារស្រែក តាមមីក្រូឲ្យអ្នកលក់ដូរ និងអ្នទិញត្រូវរក្សាគម្លាតជាប្រចាំ និងមានមេក្រូ៦គ្រឿងទៀតចាក់ជាប្រចាំ ទាំងព្រឹកទាំងល្ងាចនូវវិធានការរបស់សម្តេចតេជោ ហ៊ុន សែន គឺ បីកុំ បីការពារ និងមានការបាញ់ថ្នាំសម្លាប់មេរោគនៅតាមទ្វារចេញចូលទាំង៨ ដែលបានបើករៀងរាល់ពីរម៉ោងម្តង ហើយពេលល្ងាចដែលអាជីវករចាកចេញ គឺត្រូវបាញថ្នាំសម្លាប់មេរោគជាប្រចាំរាល់ថ្ងៃ។

លោកស្រី ប៉ុន ដានី ប្រធានគណៈកម្មការគ្រប់គ្រងផ្សារធំថ្មី បានលើកឡើងថា សម្រាប់ផ្សារថ្មី ថ្ងៃនេះអាជីវករបានបើកតូបលក់៤៥ភាគរយ និងបាញ់អាល់កុលដល់ប្រជាពលរដ្ឋដែលផ្សារ២៥លីត្រ បើកច្រកចេញចូលស្គេន QR Code ១២ច្រកប្រើប្រាស់ម៉ាស៉ីនវាស់កម្ដៅចំនួន២៤។

អាជីវករលក់ដូរ ក្នុងផ្សារ១០០ភាគរយ ហើយអ្នកចូលផ្សារពាក់ម៉ាស់១០០ភាគរយ យើងបានដាក់ម៉ាស់សម្រាប់ចែកជូនមិនមានអ្នកមកសុំម្នាក់ទេ ទោះបីដាក់ទុកឲ្យប្រើនៅតាមច្រកចូលផ្សារក៏ដោយ អតិថិជនមានការកើនឡើងពីមុនមានមួយពាន់ជាង ឥឡូវ២ពាន់នាក់ជាង ហើយពួកគាត់មានការសប្បាយចិត្ត ដែលបើកផ្សារលក់ដូរឡើងវិញ។

បន្ថែមពីនេះ លោក ហ៊ត វ៉ាន់ធី ប្រធានផ្សារអូរឫស្សី បានប្រាប់ឲ្យដឹងថា ផ្សារអូរឬស្សី មានការបើកលក់បានចំនួន២,៥៧១តូប ស្មើនឹង៦៥អគារ និងមានភ្ញៀវចេញចូលធម្មតាជិតមួយពាន់នាក់ ស្ថានភាពលក់ដូរធម្មតាផ្សារទាំងអស់មាន៦,២១១តូប មកលក់បាន២,៥៧១តូប ស្មើ៤០ភាគរយ។

គួរបញ្ជាក់ថា បើតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចេញកាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១កន្លងមក បានបញ្ជាក់ថា ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរជាប្រក្រតីឡើងវិញ ក្នុងក្របខណ្ឌផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១តទៅ។

គ្រប់អាជីវកម្ម-ការលក់ដូរ ដែលត្រូវបានអនុញ្ញាតឲ្យបើកដំណើរការ ត្រូវអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស, កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព, ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ, ការវាស់កម្ដៅ, ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន៕