(ព្រះសីហនុ)៖ ក្រោមការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងការសម្របសម្រួលយ៉ាងសកម្មរបស់រដ្ឋបាលខេត្តព្រះសីហនុនោះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់បុគ្គលិក កម្មករ និយោជិត កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ។

វិធានការចាក់វ៉ាក់សាំងដល់បុគ្គលិក កម្មករ និយោជិតទាំងអស់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ នឹងការពារអាយុជីវិត និងសុខភាពមនុស្សគ្រប់គ្នាបន្ថែមទៀត បង្កើតជារបាំងការពារភាពស៊ាំនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីធានាបាននូវការផលិត និងប្រតិបត្តិការជាធម្មតារបស់សហគ្រាសនៅក្នុងតំបន់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អត្គមេបព្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំង និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអមដំណើរដោយលោកអគ្គនាយកក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស លោក Cao JianJiang ចុះទៅត្រួតពិនិត្យទីតាំងដោយផ្ទាល់ ដើម្បីណែនាំពីការរៀបចំសណ្ដាប់ធ្នាប់ និងធ្វើការសំណេះសំណាលសាកសួរសុខទុក្ខ។

ទាំងនាយឧត្តមសេនីយ៍ ឥត សារ៉ាត់, លោកអភិបាលខេត្ត និងថ្នាក់ដឹកនាំតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការចាក់វ៉ាក់សាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីធានាថាបុគ្គលិក កម្មករ និយោជិតនៅតំបន់នេះ អាចទទួលថ្នាំបង្ការជំងឺកូវីដ១៩។

កន្លែងចាក់វ៉ាក់សាំងមានរបៀបរៀបរយ ហើយការចាក់វ៉ាក់សាំងត្រូវបានអនុវត្តតាមលំដាប់លំដោយ។ បុគ្គលិកដែលបានមកចាក់វ៉ាក់សាំង បានរង់ចាំយ៉ាងស្ងៀមស្ងាត់នៅក្នុងកន្លែងរង់ចាំចាក់វ៉ាក់សាំង និងបានរក្សាគម្លាតមួយម៉ែត្រហើយបានចូលទៅកាន់តុព័ត៌មានជាជួរៗម្តង ៨នាក់ ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានចាក់វ៉ាក់សាំង។ បន្ទាប់ពីព័ត៌មានត្រូវបានផ្ទៀងផ្ទាត់រួច ទើបចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំង។

ឧត្តមសេនីយ៍ត្រីវេជ្ជបណ្ឌិត ប៊ុន ភឿនរី មេបញ្ជាការរង កងកិត្តិយសត្រែទ័ព វេជ្ជបណ្ឌិតទទួលបន្ទុកការចាក់វ៉ាក់សាំង បានលើកឡើងថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន បានណែនាំឱ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះការចាក់វ៉ាក់សាំង នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយត្រូវគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ «៣កុំ ៣ការពារ»។

បុគ្គលិកទាំងអស់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ត្រូវបានចាក់វ៉ាក់សាំងដោយឥតគិតថ្លៃក្នុងរយៈពេល ១៤ថ្ងៃ ដើម្បីការពារសុវត្ថិភាព និងអាយុជីវិតរបស់ពួកគេ។

លោក ឌុយ ភា ជាកម្មកររោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេស បន្ទាប់ពីចាក់វ៉ាក់សាំងរួចបាននិយាយទាំងរំភើបចិត្តថា «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ចំពោះបុគ្គលិករបស់យើង និងចំពោះតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការចាក់វ៉ាក់សាំង ដើម្បីការពារអាយុជីវិត និងសុខភាពរបស់យើងបន្ថែមទៀត បន្ទាប់ពីចាក់វ៉ាក់សាំងរួចពួកយើងនឹងកាន់តែមានសុវត្ថិភាព និងមានកម្លាំងចិត្តធ្វើការកាន់តែខ្លាំង»។

លោក ឌុយ ភា បានធ្វើការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុអស់រយៈពេល ៩ឆ្នាំមកហើយ។ គាត់ឃើញដោយផ្ទាល់ពីសន្ទុះនៃការអភិវឌ្ឍន៍យ៉ាងខ្លាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងប៉ុន្មានឆ្នាំនេះ ហើយគាត់យល់ថាពិតជាសំណាង និងមានមោទនភាពណាស់ដែលបានធ្វើការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ការអភិវឌ្ឍនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានធ្វើឡើងក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់រវាងប្រទេសទាំងពីរ គឺកម្ពុជា និងចិន។ បន្ទាប់ពីការផ្ទុះឡើងជាសកលនៃជំងឺកូវដី-១៩ ក្រសួងពាក់ព័ន្ធនៃប្រទេសទាំងពីរ បានផ្តល់ការណែនាំយ៉ាងសកម្មក្នុងការការពារ និងបង្ការការរាតត្បាតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មិនត្រឹមតែផ្តល់ការណែនាំពីការរៀបចំសណ្ដាប់ធ្នាប់មកដល់តំបន់សេដ្ឋកិច្ចពិសេសដោយផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងបានបញ្ជូនក្រុមការងារចុះប្រចាំការតាមគោលដៅ ដើម្បីជួយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រួមគ្នាធ្វើការងារក្នុងការការពារជំងឺកូវីដ១៩។

នៅក្រោមការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់រូបតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានខិតខំប្រឹងប្រែងសម្រេចគោលដៅនៅក្នុងកំឡុងពេលស្ថានភាពលំបាកនេះ។ យោងតាមស្ថិតិចុងក្រោយគិតចាប់ពីខែមករា ដល់ខែឧសភាឆ្នាំនេះ សហគ្រាសនៅតំបន់សេដ្ឋកិច្ចពីសេសក្រុងព្រះសីហនុ ទទួលបានបរិមាណនាំចូល និងនាំចេញសរុបចំនួន ៧៩៩លានដុល្លារអាមេរិក ពោលគឺកើនឡើង ៤៩.៩១% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងមក។

ស្ថិតនៅក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងការសម្របសម្រួលយ៉ាងសកម្មពីគ្រប់ភាគីនោះ យុទ្ធនាកាចាក់វ៉ាក់សាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានទទួលជោគជ័យពេញលេញដែលមិនត្រឹមតែបង្កើតជារបាំងការពារភាពស៊ាំ ធានាសុខភាព និងសុវត្ថិភាព របស់បុគ្គលិករាប់ម៉ឺននាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់នូវថាមពលបន្ថែមទៀតសម្រាប់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែលជា «ក្បាលម៉ាស៊ីន» សម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក៕