(កំពង់ចាម)៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W. PATRICK MURPHY នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញជួបជាមួយលោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម និងថ្នាក់ដឹកនាំមន្ទីរព័ត៌មានជាច្រើនទៀត និងបានចូលរួមជាវាគ្មិន ក្នុងកម្មវិធីសន្ទនាមតិ នៃវិទ្យុជាតិ របស់មន្ទីរព័ត៌មានខេត្តកំពង់ចាម រយ:ពេល ១ម៉ោង ពិភាក្សាស្ដីអំពី ការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងស្ថានទូតអាមេរិក និងខេត្តកំពង់ចាម។

លោក W. PATRICK MURPHY បានថ្លែងថា លោកមកកាន់ខេត្តកំពង់ចាមនាពេលនេះ បានជួបពិភាក្សាជាមួយអភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា, សង្គមស៊ីវិល និងអង្គភាពដៃគូជាច្រើនទៀត។

លោកអគ្គរដ្ឋទូតបានបន្តថា ស្ថានទូតអាមេរិកមានភាពជាដៃគូជាច្រើន នៅក្នុងខេត្តកំពង់ចាម ក្នុងការធ្វើកម្មវិធីជាមួយគ្នា និងឆ្លៀតឱកាស ដើម្បីពិភាក្សាអំពីបញ្ហាជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្នុងពិភពលោក និងពិភាក្សាអំពីជំនួយរបស់សហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។

លោកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានសម្ដែងអំពីមោទនភាពនូវការរីកចម្រើនរបស់ខេត្តកំពង់ចាម និងបានដឹងអំពីប្រវត្តិសាស្រ្ត និងប្រពៃណីនៅក្នុងខេត្ត និងបញ្ហាប្រឈមនានាក្នុងខេត្តផងដែរ និងបានពិភាក្សាមួយចំនួនជាមួយ អង្គភាពជាដៃគូរ ធ្វើឲ្យស្ត្រីមានមុខជំនួញការប្រាស្រ័យទាក់ទងជាមួយនឹងខាងយុវជនជាដើម៕