(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា បានបញ្ចុះបញ្ចូលឱ្យ លោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស ទិញយកឥណទានកាបូនពីប្រទេសកម្ពុជា ដើម្បីរួមចំណែកអភិរក្សព្រៃឈើ និងសត្វព្រៃ ក៏ដូចជាជួយអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។

ការស្នើនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងរដ្ឋមន្រ្តីទាំងពីរ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចរបស់ប្រមុខការទូតអង់គ្លេស មកកាន់ព្រះរាជាណាចក្រកម្ពុជា រយៈពេល១ថ្ងៃ តបតាមការអញ្ជើញរបស់ ប្រមុខការទូតកម្ពុជា។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា នៅក្នុងអំឡុងនៃកិច្ចពិភាក្សា រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងរដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងនាមជាមិត្តភក្តិ និងដៃគូ ដោយក្នុងនោះបានលើកឡើងពីប្រធានបទមួយចំនួនទាក់ទងនឹងវិស័យបរិស្ថាន ដូចជា ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងការចូលរួមរបស់កម្ពុជាក្នុងកិច្ចប្រជុំ COP26 ស្តីពីការប្រែប្រួលអាកាសធាតុ និងកិច្ចការអាទិភាពនានាដែលប្រទេសទាំងពីរនឹងធ្វើរួមគ្នា ការអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃឆ្លងដែន និងការប្រើប្រាស់ថាមពលកកើតឡើងវិញជាដើម។

បើតាមមន្ត្រីនាំពាក្យក្រសួងបរិស្ថាន, លោករដ្ឋមន្ត្រី សាយ សំអាល់ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក ដូមីនិក រ៉ាអាប់ ។ លោកអះអាងថា ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីអង់គ្លេស បានសង្កត់ធ្ងន់ពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលរហូតមកទល់ពេលនេះ មានរយៈពេល ៣០ឆ្នាំហើយ ដែលចក្រភពអង់គ្លេស បានបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅកម្ពុជា។ លោករដ្ឋមន្ត្រីក្រសួងការបរទេស ក៏បានកោតសរសើរចំពោះអភិវឌ្ឍរីកចម្រើនដែលកម្ពុជាសម្រេច។

នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា, រដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានថ្លែងថា ការអញ្ជើញមកប្រទេសកម្ពុជានៅពេលនេះ គឺក្នុងនាមជាមិត្តភក្តិនិងជាដៃគូ និងដើម្បីស្វែងយល់ពីតម្រូវការរបស់ប្រទេសកម្ពុជា និងជួយប្រទេសកម្ពុជាដើម្បីឱ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែម។

លោក នេត្រ ភក្រ្តា បានបញ្ជាក់ថា លោក សាយ សំអាល់ បានជម្រាបជូនរដ្ឋមន្រ្តីក្រសួងការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេសអំពីកិច្ចការដែលក្រសួងបរិស្ថាន សម្រេចបានក្នុងកិច្ចការពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ។ លោករដ្ឋមន្ត្រី បានជម្រាបជូនរដ្ឋមន្ត្រីអង់គ្លេសថា អ្វីដែលចក្រភពអង់គ្លេសអាចជួយកម្ពុជាបានក្នុងវិស័យបរិស្ថាន គឺការបណ្តុះបណ្តាលធនធានមនុស្សក្នុងកិច្ចការបរិស្ថាននិងធនធានធម្មជាតិ បង្កើនភាពជាដៃគូផ្នែកពាណិជ្ជកម្ម និងទិញផលិតផលពីប្រទេសកម្ពុជា។

«នៅក្នុងវិស័យបរិស្ថាន អង់គ្លេសអាចទិញឥណទានកាបូន ហើយថវិកានោះនឹងត្រូវប្រើប្រាស់ដើម្បីបម្រើឱ្យ ការអភិរក្សព្រៃឈើ និងសត្វព្រៃនិងការអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋានតាមរយៈការផ្តល់ជម្រើសថ្មី មុខរបរ និងចំណូលសម្រាប់ ប្រជាពលរដ្ឋ»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យ។

លោកអះអាងថា ដើម្បីជួយក្រសួងបរិស្ថានលើកិច្ចការងារបរិស្ថាន និងធនធានធម្មជាតិ រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេសសន្យាថា នឹងបញ្ជូនក្រុមបេសកកម្មជំនាញមកកម្ពុជា ដើម្បីសិក្សាពីតម្រូវការរបស់កម្ពុជា ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ។ លោករដ្ឋមន្ត្រី សាយ សំអាល់ បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ។

ចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន ១១,៦លានដុល្លារ ពីការលក់ឥណទានកាបូនឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា៖ Disney Kering Intuit និង Shall និងក្រុមហ៊ុន Gucci។ កម្ពុជាកំពុងតែធ្វើការសិក្សា និងអនុវត្តគម្រោងឥណទានកាបូន នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ និងតំបន់ការពារធម្មជាតិមួយចំនួនទៀត៕