(ព្រះសីហនុ)៖ ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា ត្រូវបានកត់សម្គាល់ឃើញថា មានការយល់ដឹង និងជ្រូតជ្រាបច្រើនពីគុណតម្លៃ និងគុណប្រយោជន៍របស់វ៉ាក់សាំងក្នុងការការពារសុខភាព ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយបានទៅទទួលវ៉ាក់សាំងយ៉ាងសស្រាក់សស្រាំ។

ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ គឺជាថ្ងៃទី២ហើយ នៃប្រតិ បត្តិការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅខេត្តចំនួន៤ នាភាគនិរតីប្រទេសកម្ពុជា រួមមាន៖ ខេត្តព្រះសីហនុ កោះកុង កំពង់ស្ពឺ និងតាកែវ។ ថ្ងៃទី២២ ខែមិថុនា ដែលជាថ្ងៃដំបូងនៃប្រតិបត្តិការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅក្នុងខេត្តទាំង៤នេះ ក្រុមការងារចាក់វ៉ាក់សាំងនៃក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋបានរហូតដល់ទៅជិត ៦ម៉ឺននាក់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ ដែលកំពុងចុះតាមដានដំណើរការចាក់វ៉ាក់សាំងនៅក្នុងខេត្តព្រះសីហនុ បានគូសបញ្ជាក់នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះថា ប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត គឺបានយល់ដឹង និងជ្រូតជ្រាបបានច្រើនពីគុណតម្លៃ និងគុណប្រយោជន៍របស់វ៉ាក់សាំងក្នុងការការពារសុខភាព ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

លោក បានអះអាងថា ប្រជាពលរដ្ឋជាច្រើនបានស្ម័គ្រចិត្តទៅចូលរួមចាក់វ៉ាក់សាំងតាមការរៀបចំរបស់អាជ្ញាធរមូលដ្ឋាន។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមិនដឹងពីមុនយ៉ាងម៉េចទេ តែឥឡូវមកដល់ប្រជាពលរដ្ឋចង់ចាក់វ៉ាក់សាំងច្រើន។ គ្រប់កន្លែងពពាក់ពពូនគ្នា បើកុំមានការកំណត់ថាភូមិនេះត្រូវមក ឬភូមិនោះត្រូវមកទេ ប្រសិនបើបើកឱ្យមក គឺមករកកន្លែងឈរមិនឃើញទេ។ ឃើញថាមានការស្ម័គ្រចិត្តច្រើនណាស់ រឿងកន្លងមកមានអ្នកឃោសនាថា មិនឱ្យចាក់មិនឱ្យអីខ្ញុំមិនដឹងទេ។ ប៉ុន្តែឥឡូវប្រជាពលរដ្ឋគាត់យល់ណាស់ គាត់យល់ច្បាស់អំពីវ៉ាក់សាំងនេះក្នុងការការពារជំងឺកូវីដ១៩ គាត់យល់ច្បាស់ណាស់។ ទោះនរណាខំឃោសនាយ៉ាងណា ក៏គាត់មិនជឿដែរ»

បើតាមលោក ឥត សារ៉ាត់ សង្ឃឹមថា នៅថ្ងៃទី២៣ ខែមិថុនា នេះ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងខេត្តទាំង៤ នឹងបានច្រើនជាងថ្ងៃម្សិលមិញ។ លោកក៏បានទទូចសុំដល់ប្រជាពលរដ្ឋដែលទៅទទួលវ៉ាក់សាំងឱ្យស្តាប់តាមការរៀបចំរបស់អាជ្ញាធរ និងចៀសវាងការប្រមូលផ្តុំគ្នាកកកុញ នាំឱ្យប្រឈមនឹងការឆ្លងជំងឺកូវីដ១៩។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា តាមផែនការខេត្តទាំង០៤ មានប្រជាពលរដ្ឋត្រូវចាក់វ៉ាក់សាំងសរុបចំនួន ១,២៤៤,០០០នាក់។ តែកងយោធពលខេមរភូមិន្ទ ទទួលភារកិច្ចចាក់វ៉ាក់សាំងចំនួន ៨១ម៉ឺននាក់។

លោកបានបញ្ជាក់ដែរថា ក្រុមការងារចាក់វ៉ាក់សាំងកងទ័ព ខិតខំចាក់វ៉ាក់សាំងដូសទី១ ឱ្យរួចរាល់ក្នុងខេត្តទាំង៤នេះ ចន្លោះពីថ្ងៃទី២២ ដល់ថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២១។

យោងតាមរយៈបទពិសោធននៃដំណេីរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅអតីតតំបន់ក្រហមក្នុងរាជធានីភ្នំពេញ លោក ឥត សារ៉ាត់ បានបង្ហាញក្តីរំពឹងថា កងទ័ពមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់សម្រាប់ដំណេីរការចាក់វ៉ាក់សាំងនៅតាមខេត្តឱ្យទទួលបានលទ្ធផលល្អប្រសើរ៕