(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលជួបលោកស្រី EVA Nguyen Binh ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ដើម្បីសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែល លោកស្រីនឹងបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ តាមប្រព័ន្ធ Video Conference នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។

ក្នុងឱកាសនេះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវ EVA Nguyen Binh ដែលបានបំពេញ បេសកកម្មការទូតនៅកម្ពុជា ក្នុងរយៈពេល ០៤ឆ្នាំ (ឆ្នាំ២០១៧-ឆ្នាំ២០២១) ហើយបានកសាងស្នាដៃ និងសមិទិ្ធផលជាច្រើន ក្នុងការរួមចំណែកដល់សកម្មភាព អភិវឌ្ឍន៍ដល់សេដ្ឋកិច្ច-សង្គមកម្ពុជា ស្ទើរគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាល ទឹកស្អាត អគ្គិសនី កសិកម្ម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជា សម្រេចបាននូវគម្រោងវិនិយោគសាធារណៈជាច្រើន ផ្សេងទៀត។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា សាធារណរដ្ឋបារាំង មិនត្រឹមជាប្រទេស ដែលបានចូលរួមក្នុងសកម្មភាព នាំសុខសន្តិភាពដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ តែក៏ជាមិត្តដ៏ប្រពៃ ដែលតែងតែជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដល់ការអភិវឌ្ឍកម្ពុជា។

ជាក់ស្តែង, តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់កន្លងទៅ ដែលដឹកនាំដោយលោកស្រី, រដ្ឋាភិបាលបារាំង តាមរយៈ AFD បានសន្យាថា នឹងបង្កើនទំហំឥណទានសម្បទាន ក្នុងចន្លោះពី ១០០-១២០ លានអឺរ៉ូ ក្នុងមួយឆ្នាំ និងថែមទាំងជួយគៀរគហិរញ្ញប្បទានឥតសំណងពីសហគមអ៊ឺរ៉ុប និងពីប្រភព ផ្សេងទៀតផងដែរ សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍន៍ និងស្តារសេដ្ឋកិច្ចកម្ពុជាបន្ទាប់ពីវិបត្តិកូវីដ-១៩ តាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។

លោកស្រីឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋបារាំង បានលើកឡើងថា ជាការពិតកម្ពុជា និងបារាំង មានទំនាក់ទំនងយូរអង្វែងមកហើយ ពិសេសកិច្ចសហការប្រតិបត្តិការ អភិវឌ្ឍន៍ជាមួយ AFD។

កិច្ចសហប្រតិបត្តិការនេះ គឺបានចូលរួមចំណែកដ៏សំខាន់ ក្នុងការធ្វើប្រតិបត្តិការអភិវឌ្ឍន៍របស់ ប្រធានាធិបតីបារាំង Emmanuel Macron ដែលបានប្តេជ្ញាសម្រេច គោលដៅ ក្នុងការបង្កើនហិរញ្ញ-ប្បទានសហប្រតិបត្តិការ ODA ឲ្យបាន ០,៥៥% នៃផសស នៅឆ្នាំ ២០២២ ដើម្បីចូលរួម អភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចរបស់ប្រទេស កំពុងអភិវឌ្ឍន៍ ពិសេសកម្ពុជា ដោយផ្តោតជាសំខាន់ទៅលើការបម្រែបម្រួលអាកាសធាតុ ស្របតាមខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ២០១៥ ។

លោកស្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលសម្រេច បានកំណើន សេដ្ឋកិច្ចខ្ពស់ និងប្រកប ដោយចីរភាពក្នុងរយៈពេលជាងពីរទសវត្សកន្លងមកនេះ។

ជាមួយគ្នានេះ, លោកស្រី ក៏សម្តែងនូវមោទនភាពដែលរាជរដ្ឋាភិបាល កម្ពុជា បង្កបរិយាកាសវិនិយោគឯកជនដ៏ល្អប្រសើរ និងលើកទឹកចិត្តវិនិយោគគិនបរទេស ពិសេស មកពីប្រទេសបារាំងឱ្យមកស្វែងយល់ផ្ទាល់ និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ។

លោកស្រី ក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការ និងវិធានការ នានា ដែលរាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញ ក្នុងការប្រយុទ្ធ ទៅនឹងការរាលដាលនៃជម្ងឺកូវីដ-១៩។ ការដាក់ចេញនូវគោលការណ៍ ៣ កុំ ៣ ការពារ, វិធានការបិទខ្ទប់ដោយគ្មានការបិទ ប្រទេសទាំងមូល និងការជំរុញយ៉ាងសកម្មក្នុងការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជាដើម ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូតថា កម្ពុជាបានដាក់ចេញនូវ «ផែនការយុទ្ធសាស្រ្តយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩» សំដៅបង្កើតឲ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ ២០២១។ ពោលគឺការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដល់ប្រជាជនចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ឲ្យបានគ្រប់ៗគ្នានៅទូទាំងប្រទេស។

ជាមួយគ្នានេះ, ដើម្បីឆ្លើយតបទៅនឹងបរិការណ៍បច្ចុប្បន្ន, ក្នុងខណៈបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩, កម្ពុជា បានដាក់ឲ្យអនុវត្តនូវវិធានការអន្តរាគមន៍ជាច្រើន រួមជាមួយនឹងការគិតគូរជាយុទ្ធសាស្រ្ត បន្តអនុវត្តនូវគោលនយោបាយហិរញ្ញវត្ថុសាធារណៈ គោលនយោបាយរូបិយវត្ថុ និងវិធានការកែទម្រង់រចនាសម្ព័ន្ធ សំដៅរក្សាលំនឹងសេដ្ឋកិច្ច និងសង្គម ក៏ដូចជា ជំរុញកំណើនសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺកូវីដ-១៩ តាមរយៈ បន្តបង្កើនភាពប្រកួតប្រជែង, បន្តជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបន្តជំរុញការកែទម្រង់រចនាសម្ព័ន្ធ។

រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់អាទិភាពខ្ពស់ចំពោះផែនការយុទ្ធសាស្រ្តនៃការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ តាមរយៈអភិក្រមចំនួនបីគឺ៖ ការស្តារឡើងវិញ, ការកែទម្រង់ និងការកសាងភាពធន់ ។

លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រីអគ្គរដ្ឋទូត រដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង និងប្រជាជនបារាំង ដែលបាននិងបន្តគាំទ្រ ទាំងជំនាញបច្ចេកទេស និងទាំងហិរញ្ញវត្ថុ រួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា និងជូនពរលោកស្រី ឲ្យបានទទួលជោគជ័យថ្មីៗ ជាបន្តបន្ទាប់ទៀត នៅក្នុងភារកិច្ចដ៏ឧត្តុងឧត្តមរបស់លោកស្រី៕