(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ ព្រមទាំងក្រុមការងារ នៅចុងសប្តាហ៍កន្លងទៅនេះ បាននាំយកអំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ព្រមទាំងសប្បុរសជនដែលបានបរិច្ចាគ តាមរយៈមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ ប្រគល់ជូនដល់ប្រជាពលរដ្ឋ៣០០គ្រួសារ ស្ថិតក្នុងភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

លោក ទុន ណេត អភិបាលស្រុកស្ទឹងត្រង់ បានធ្វើរបាយការណ៍ ពីស្ថានភាពទូទៅ នៃការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសនៃការវិវត្តន៍ថ្មីៗ នៃការរីករាលដាលនៃជំងឺកូវីដ១៩ ស្ថិតក្នុងស្រុកស្ទឹងត្រង់ទាំងមូល។

ក្នុងកិច្ចសំណេះសំណាលរបស់ លោក ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិ, លោកបានពាំនាំការសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ាណែត និងភរិយា ដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ និងបានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់។

ឆ្លៀតក្នុងឱកាសនោះដែរលោក ហោ សេរីវឌ្ឍន៍ ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេសទាំងអស់ ដែលបានបរិច្ចាគតាមរយៈមូលនិធិកម្ពុជាប្រឆាំងជំងឺកូវីដ១៩នេះ ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយសារជំងឺកូវីដ១៩។

លោក ហោ សេរីវឌ្ឍន៍ ក៏បានជម្រាបទៅដល់ប្រជាពលរដ្ឋពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដែលមកដល់ពេលនេះសម្រេចបានជាង ៣ លាននាក់ ហើយខេត្តកំពង់ចាម នឹងទទួលបាននូវការចាក់វ៉ាក់សាំងកូវីដ១៩ បន្ថែមទៀតក្នុងពេលឆាប់ៗនេះផងដែរ។

ជាមួយគ្នានេះដែរ លោកក៏បានចែករំលែកបទពិសោធន៍នៃការប្រើប្រាស់ម៉ាសឱ្យបានត្រឹមត្រូវជូនដល់ប្រជាពលរដ្ឋ ហើយក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋមានជំនឿចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងថ្នាក់ដឹកនាំខេត្ត ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់។

បើតាមលោក អ៊ុន ចាន់ដា តំណាងអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់លោក ហ៊ុន ម៉ាណែត និងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគតាមរយៈមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ ជូនមកដល់ប្រជាពលរដ្ឋទាំង ៣០០គ្រួសារ នាពេលនេះ។

ក្នុងឱកាសនោះផងដែរ លោកអភិបាលក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធត្រូវតែយកចិត្តទុកដាក់ខ្ពស់ នៅពេលដឹងថាមានការឆ្លងជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋណាម្នាក់ ដើម្បីបញ្ជូនពួកគាត់ទៅធ្វើការព្យាបាល ហើយសម្រាប់អ្នកពាក់ព័ន្ធត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កក្នុងមណ្ឌលតែម្តង គឺមិនត្រូវទុកពួកគាត់ធ្វើចាត្តាឡីស័កនៅផ្ទះទេ ព្រោះវាអាចជាប្រភពនៃការចម្លងប្រសិនបើពួកគាត់មិនបានគោរពតាមវិធានរបស់គ្រូពេទ្យ ឬអាជ្ញាធរ។

លោកក៏បានលើកឡើងផងដែរ ពីផលលំបាកនៃជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះជម្រាបដល់ប្រជាពលរដ្ឋ និងបានជំរុញដល់ប្រជាពលរដ្ឋទាំងអស់ខិតខំថែទាំសុខភាពឱ្យបានល្អ ជាពិសេសត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តឱ្យបានតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលមាន «៣ការពារ និង៣កុំ» ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យកើតក្នុងគ្រួសារ និងសហគមន៍។

សូមបញ្ជាក់ដែរថា អំណោយសម្រាប់ ៣០០គ្រួសាររួមមាន៖ អង្ករ ៧.៥តោន, មី ៤,៥០០កញ្ចប់, ត្រីខ ៣០០យួរ, ទឹកត្រី-ទឹកស៊ីអុីវ ៣០០យួរ, ថ្នាំពេទ្យ+ម៉ាស៣០០ កញ្ចប់, ជែលអាល់កុល។

សប្បុរសជនបានផ្តល់អំណោយរួមមាន៖ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី, លោក អ៊ុក វណ្ណរិទ្ធិ និងលោកស្រី ជិន ផល្លា ព្រមទាំងមន្ទីរពេទ្យសូរិយា, គម្រោងលំនៅដ្ឋាន ឧត្តមភាព, លោកស្រី អឹង សុផា ប្រធានក្រុមហ៊ុន អេស ភី វី អេច ប្រផឺធី ឯ.ក SPVH រួមនឹងសិប្បកម្ម PPNR ក្រុមការងារ និងសប្បុរសជន មូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ និងជែលលាងដៃចំនួន ៦០០ដប។

អំណោយទាំងក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម, ត្រីខ ១យួរ, មី ១៥កញ្ចប់, ទឹកត្រី និងទឹកស៊ីអុីវ ១យួរ, ថ្នាំពេទ្យ+ម៉ាស ១កញ្ចប់ និងជែលលាងដៃចំនួន ២ដបផងដែរ៕