(កំពង់ឆ្នាំង)៖ លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយក្រុមហ៊ុនដូនពេញ (ខេមបូឌា) គ្រុប និងភរិយា លោកស្រី ហេង សុខា បានផ្តល់ម៉ាស់ចំនួន ៥ម៉ឺនម៉ាស់ អាល់កុល ៦០០លីត្រ និងទឹកពិសាភ្នំដប ៣០០យួរ ជូនដល់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅក្នុងប្រទេសកម្ពុជា។ ម៉ាស់ អាល់កុល និងទឹកបរិសុទ្ធនេះ ជាអំណោយលើកទី២ហើយ ដែលលោកឧកញ៉ា និងភរិយា បានផ្តល់ជូនទៅកាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។

អំណោយកើតចេញពីស្មារតីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩នេះ ត្រូវបានក្រុមការងាររបស់លោកឧកញ៉ា យកទៅប្រគល់ជូនមន្ទីរពេទ្យនៅថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១។

ប្រធានមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង លោកវេជ្ជៈបណ្ឌិត ទុំ សម្បត្តិ បានសម្ដែងនូវទឹកចិត្តសប្បាយរីករាយ និងបានថ្លែងអំណរអរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់លោកឧកញ៉ា និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង។

នៅដើមខែឧសភា ឆ្នាំ២០២១ លោកឧកញ៉ា និងលោកស្រី បានជួយឧបត្ថម្ភម្ដងរួចមកហើយ តែដោយក្រុមគ្រូពេទ្យនៅមានការខ្វះខាតសម្ភារៈដូចបានរៀបរាប់ខាងលើ ទើបជម្រុញឱ្យលោកបន្តផ្ដល់ជូនបន្ថែមទៀត សម្រាប់បន្តយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលក្រុមគ្រូពេទ្យកំពុងតែមមារញឹកក្នុងការងារនេះ។

តាមរយៈក្រុមការងារ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ បានផ្តាំផ្ញើអរគុណចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តជួយព្យាបាល និងថែទាំងអ្នកជំងឺ។ លោកឧកញ៉ា នឹងនៅបន្តផ្ដល់កម្លាំងចិត្តជូនលោកគ្រូអ្នកគ្រូពេទ្យជាកម្លាំងប្រយុទ្ធជួរមុខ ដែលជាអ្នកអនុវត្តការងារផ្ទាល់ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងជំងឺកូវីដ-១៩។

លោកឧកញ៉ា បានអំពាវនាវដល់ប្រជាពលរដ្ឋមេត្តាកុំភ្លេចខ្លួន និងសូមបន្តចូលរួមអនុវត្តនូវគ្រប់វិធានការ «៣ការពារ ៣កុំ» ដែលជាអនុសាសន៍របស់សម្តេចតេជោ ឱ្យបានខ្ជាប់ខ្ជួនជាទីបំផុត៕