(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃទី១៧-២៥ ខែមីនា ឆ្នាំ២០១៦ ពោលមានរយៈពេល៩ថ្ងៃនេះ នៅប្រទេសកម្ពុជា នឹងប្រឈមមុខសីតុណ្ហភាព​ ឡើងកំដៅមួយកម្រិតទៀត គឺចាប់ពី៣៨-៤០អង្សាសេ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា «យោងតាមការសង្កេត តាមដាន និងបន្ទាប់ពីបានធ្វើការព្យាករ លើស្ថានភាពអាកាសធាតុរួចមក បានបង្ហាញថា ចាប់ពីថ្ងៃទី១៧-២៥ ខែមីនា ឆ្នាំ២០១៦ កម្រិតសីតុណ្ហភាពអតិបរមា នៅព្រះរាជាណាចក្រកម្ពុជា នឹងបន្តកើនឡើងក្នុងនោះរួមមាន ទី១-តំបន់វាលទំនាប និងតំបន់ខ្ពង់រាប មានសីតុណ្ហភាពអតិបរមាចាប់ពី៣៨-៤០អង្សាសេ និងទី២-តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអតិបរមាមានពី៣៥-៣៧អង្សាសេ និងអាចមានភ្លៀងកក់ខែតិចតួច»

ក្រសួងធនធានទឹកក៏បានប្រកាសឲ្យ ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ នៅពេលមេឃរកកលភ្លៀង។ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានថ្លែងប្រាប់អង្គភាព Fresh News បន្ថែមថា សីតុណ្ហភាពនឹងឡើងមួយកម្រិតទៀត ដែលពីមុនចាប់ពី៣៨-៣៩អង្សាសេ តែនៅពេលនេះ សីតុណ្ហភាពនឹងឡើងដល់៤០អង្សាសេ ដូច្នេះសូមឲ្យប្រជាពលរដ្ឋបានទទួលព័ត៌មានចំពោះបញ្ហាអាកាសធាតុ នឹងមានការប្រុងប្រយ័ត្ន សម្រាប់អ្នករស់នៅតាមខេត្ត​ ជាប់មាត់សមុទ្រ៕