(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣៨នាក់ និងស្លាប់១នាក់ទៀត។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឆងថា អ្នកដែលឆ្លងថ្មីនេះ ករណីទី១ ដល់ទី៩ ជាករណីពាក់ព័ន្ធនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលមានប្រភពដើមមកពីស្រុកជីក្រែង។

ករណីទី១០ និងទី១១ ឆ្លងបន្តពីកូន និងក្មួយ មកពីខេត្តឧត្តរមានជ័យ, ករណីទី១២ ដល់ទី២៥ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។

ចំពោះ ករណីទី២៦ ដល់ទី៣០ ជាករណីមានប្រភពចម្លងចេញពីភោជនីយដ្ឋាន ហេង ហេង ២ និង ករណីទី៣១ មកពីរាជធានីភ្នំពេញ។ ដោយឡែក ករណទី៣២ ដល់ករណីទី៣៨ គឺជាប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្ដេចឪ។

នៅថ្ងៃនេះដែរ មានករណីស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១នាក់ ឈ្មោះ ភូ វ៉ូច ភេទស្រី អាយុ៨០ឆ្នាំ អាសយដ្ឋាននៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១៖០០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

គិតត្រឹមពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦២៥នាក់ បានព្យាបាលជាសះស្បើយចំនួន១៦៦នាក់។ ក្នុងនោះស្លាប់៦នាក់ និង៤៥៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕