(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងចូលរួមសន្និសីទជាន់ខ្ពស់អាស៉ី-ប៉ាស៉ីហ្វិកស្តីពីកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ សន្និសីទនេះ នឹងប្រព្រឹត្តទៅក្រោមមូលបទ «ការជំរុញកិច្ចសហប្រតិបត្តិការស្តីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកល សម្រាប់ការងើបឡើងវិញប្រកបដោយនិរន្តរភាព»។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹងធ្វើជាប្រធានដឹកនាំសន្និសីទ ដោយមានការចូលរួម ពីរដ្ឋមន្រ្តីការបរទេសមកពីបណ្តាប្រទេសដៃគូ នៃកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ និងតំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ។ សន្និសីទ នឹងពិភាក្សា ព្រមទាំងផ្លាស់ប្តូរយោបល់រិះរកមធ្យោបាយ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងដើម្បីសម្រេចបាននូវការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ព្រមទាំងលើកកម្ពស់ភាពជាដៃគូសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងថ្លែងបទអន្តរាគមន៍ ដោយផ្តោតលើទិដ្ឋភាពសំខាន់ៗ រួមមាន ការលើកកម្ពស់ពហុភាគីនិយមដែលបើកចំហរ និងប្រកបដោយបរិយាប័ន្ន ការជំរុញភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអន្តរជាតិសំដៅធានានូវការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រកបដោយសមធម៌សម្រាប់សកលលោក និងការស្តារសេដ្ឋកិច្ច-សង្គមប្រកបដោយ ចីរភាព។

លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងចែករំលែកអនុសាសន៍ប្រកបដោយអត្ថន័យទូលំទូលាយ និងជាក់លាក់ដល់សន្និសីទផងដែរ៕