(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ ព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ លោក អាឡិច (Alejandro Gonzalez Davidson) ស្ថាបនិកអង្គការមាតាធម្មជាតិ និងបក្ខពួក ៣នាក់ទៀត ពីបទ «ប្រមាថអង្គព្រះមហាក្សត្រ» និង «រួមគំនិតក្បត់»។
យោងតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា ព្រះរាជអាជ្ញារង សេង ហៀង បានសម្រេចចោទប្រកាន់លោក អាឡិច និងបក្សពួក ពីបទប្រមាថអង្គព្រះមហាក្ស និងរួមគំនិតក្បត់ តាមមាត្រ៤៣៧ (ស្ទួន) និងមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ២០០៩។
មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រ ជាទង្វើអសីលធម៌ដែលមិនអាចអត់ឱនបាន ទៅលើជនបរទេស សញ្ជាតិអេស្ប៉ាញ ដែលព្រះមហាក្សត្រ គឺជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។
កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ សមត្ថកិច្ចបានចាប់ខ្លួន សកម្មជនចលនាមាតាធម្មជាតិ ៣នាក់ រួមមាន ១៖ ឈ្មោះ ស៊ុន រដ្ឋា ភេទស្រី តួនាទីគណនីមាតាធម្មជាតិ ទី២៖ ឈ្មោះ លី ចាន់ដារ៉ាវុត ភេទប្រុស តួនាទីអ្នកស្រាវជ្រាវ និង Media Team និងទី៣៖ ឈ្មោះ យឹម លាងហ៉ី ភេទប្រុស តួនាទីសម្របសម្រួលការងារសកម្មជន។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា តាមឯកសារសំណុំរឿង និងភស្តុតាងផ្សេងៗទៀតបង្ហាញថា ពួកក្រុមនេះធ្វើសកម្មភាព ដោយមានអង្គការចាត់តាំងច្បាស់លាស់ ដែលមានជនបរទេសជាអ្នកគូសវាសផែនទីឱ្យធ្វើសកម្មភាព និងប្រតិបិត្តិការ។
ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានស្រាវជ្រាវ និងរកឃើញភស្តុតាង ៣ចំណុចដូចជា៖
១៖ ក្រុមនេះជាក្រុមដែលមានអង្គការចាត់តាំងខុសច្បាប់ និងមានការបញ្ជាពីក្រោយដោយជនបរទេសឈ្មោះ អាឡិច
២៖ គ្រប់សកម្មភាពរបស់ពួកគេ គឺយកឈ្មោះ និងជ្រកក្រោមស្លាកបរិស្ថាន ប៉ុន្តែដើម្បីបន្លំធ្វើសកម្មភាពប្រមូលយកព័ត៌មាន បញ្ហាផ្សេងៗពាក់ព័ន្ធនឹងបរិស្ថាននេះ ធ្វើជាលេសឈ្នាន់ ឬមូលហេតុញុះញង់ដល់ប្រជាពលរដ្ឋ សាធារណជន ក្នុងគោលដៅប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាល
៣៖ ក្រុមនេះធ្វើសកម្មភាព បានដោយសារតែការផ្តល់ហិរញ្ញប្បទានពីខាងក្រៅ ដែលពាក់ព័ន្ធនឹងហិរញ្ញប្បទានភេរវកម្ម ផ្គត់ផ្គង់ដោយមេរបស់ពួកគេដោយជនបរទេស។
លោកអះអាងថា ការធ្វើសកម្មភាពរបស់ក្រុមនេះកន្លងមក គឺសុទ្ធតែមានផែនការ និងការចង្អុលបង្ហាញរបស់មេពួកគេដែលជាជនបរទេសនៅខាងក្រៅប្រទេស។
សូមជម្រាបថា អង្គការមាតាធម្មជាតិ ដែលទីស្នាក់ការកណ្តាលតាំងនៅវត្តចំការឈូក ភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលបង្កើតឡើង និងដឹកនាំដោយ លោក អាឡិច ត្រូវបានក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាស សម្រេចលុបចោលកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីបានបណ្តេញ លោក អាឡិច ចេញពីប្រទេសកម្ពុជា។
លោក អាឡិច ត្រូវបានក្រសួងមហាផ្ទៃ បណ្តេញចេញកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៥ បន្ទាប់ពីបានធ្វើសកម្មភាពប្រឆាំងមួយចំនួន នៅតំបន់អារ៉ែង និងប្រឆាំង ការបូមខ្សាច់នៅក្នុង ខេត្តកោះកុង ដែលអាជ្ញាធរអះអាងល្មើសច្បាប់នៅកម្ពុជា។ បន្ទាប់ពីបណ្តេញចេញ ជននេះក៏ត្រូវបានវ៉ៃត្រាក្រហម ហាមចូលប្រទេសកម្ពុជារហូតផងដែរ៕