(ភ្នំពេញ)៖ សួនកម្សាន្តទំនើប Dream Land នៅថ្ងៃទី១៧ ខែមីនានេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ពីការយកចិត្តទុកដាក់ ពីសុខទុក្ខ និងអត្ថប្រយោជន៍បន្ថែមជាច្រើនទៀត ដល់បុគ្គលិកគ្រប់រូប ដែលបានបម្រើការងារជូនក្រុមហ៊ុន ដោយបានផ្តល់នូវអត្ថប្រយោជន៍បន្ថែមដូចជា៖ ប្រាក់ឧបត្ថម្ភលើអតីតភាពការងារ, ប្រាក់ជំងឺចិត្ត, ប្រាក់បណ្តេញចេញពីការងារ និងការសម្រាកប្រចាំឆ្នាំ រួចរាល់ហើយ បន្ទាប់ពីសួនកម្សាន្តនេះ បានបិទនៅដំណាច់ខែកុម្ភៈ ឆ្នាំ២០១៦។

សូមជម្រាបថា សួនកម្សាន្តទំនើប Dream Land បានបញ្ចប់កិច្ចសន្យាជួលទីតាំងសួនកម្សាន្តនេះ នៅក្នុងដំណាច់ខែកុម្ភៈ ឆ្នាំ២០១៦ ហើយក្រុមហ៊ុនបានជូនដំណឹងជាមុនទៅកាន់ បុគ្គលិកទាំងអស់ តាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥មកម្ល៉េះ។

គួរបញ្ជាក់ថា ដីអតីតសួនកម្សាន្ត Dream Land ដែលមានទំហំប្រមានជា៥ហិកតា នឹងត្រូវក្រុមហ៊ុនថៃប៊ុនរ៉ុង សហការជាមួយក្រុមហ៊ុនចិន វិនិយោគនូវទឹកប្រាក់ជិត ៣ពាន់លានដុល្លារ ដើម្បីសាងសង់អគារភ្លោះកម្ពស់៥០០ម៉ែត្រ ខ្ពស់ជាងគេបំផុត ដែលកម្ពុជាមិនធ្លាប់មាន៕