(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែមីនានេះថា ថ្ងៃស្អែក ១៨ មីនា ជាខួបលើកទី៤៦ឆ្នាំ (១៨ មីនា១៩៧០-១៨មីនា២០១៦) នៃរដ្ឋប្រហារយោធាទម្លាប់ សម្តេចព្រះនរោតម្ត សីហនុ ពីសំណាក់ពួក សេនាប្រមុខ លន់ នុល ដែលនាំឲ្យប្រទេសកម្ពុជា បានធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាម និងឈានដល់ធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពតថែមទៀត។

តាមរយៈ Facebook សម្តេចបានរៀបរាប់ពីសេចក្តីលំបាក និងទុក្ខសោករបស់ប្រជាជន នៅពេលដែលប្រទេសមានសង្គ្រាម ដោយលើកឡើងថា «ផ្តើមពីរដ្ឋប្រហារយោធានេះ ហើយដែលកម្ពុជាយើងធ្លាក់ចូល ទៅក្នុងភ្នក់ភ្លើងសង្គ្រាម និងបន្ទាប់មកធ្លាក់ចូល ទៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សង្គ្រាមបានដាក់មនុស្សគ្រប់រូប ពិសេសយុវជនឱ្យស្ថិតនៅជាចំណាប់ខ្មាំង នៃសង្គ្រាមដែលគ្មានផ្លូវទី៣ សំរាប់ជ្រើសរើសនោះទេ។ ស្ថិតនៅតំបន់ណា ត្រូវធ្វើទាហ៊ាន ឬបំរើឱ្យរបបគ្រប់ គ្រងនៃតំបន់នោះ។ មនុស្សត្រូវស្លាប់ របួស ពិការយ៉ាងច្រើន និងខូចខាតទ្រព្យសម្បត្តិស្ទើរគ្មានសល់។ មកដល់របប ប៉ុល ពត របបនេះបានបំផ្លិចបំផ្លាញដល់ឬសគល់ ជាមួយនិងការស្លាប់ជីវិតមនុស្សរាប់លាននាក់។ យើងបានប្រឹងរស់ ប្រឹងតស៊ូ ដើម្បីការរស់រានមានជីវិតរបស់ជាតិ និងប្រជាជន។ យើងបានខិតខំកសាងជាតិឡើងវិញ ជាមួយនិងការខិតខំស្វែងរកសន្តិភាព តាមរយៈកិច្ចព្រមព្រៀងក្រុងប៉ារីស និងចុងក្រោយតាមរយៈនយោបាយឈ្នះ ឈ្នះ»

សម្តេចតេជោ បានលើកឡើងទៀតថា «ទោះខ្លួនខ្ញុំជាជនរងគ្រោះនៃរដ្ឋប្រហារ នៃសង្គ្រាម និងរបបប្រល័យពូជសាសន៍ ដូចប្រជាជនកម្ពុជាផ្សេងទៀត រហូតក្លាយខ្លួនជាជនពិការក្តី តែខ្ញុំមានមោទនៈភាព ដោយបានរួមចំណែកដឹកនាំ ប្រទេសពីសង្គ្រាមមកកាន់សន្តិភាព និងការអភិវឌ្ឍន៍រហូតសព្វថ្ងៃ។ សង្ឃឹមថាប្រជាជនយើង នឹងរួមជាមួយខ្ញុំខិតខំរក្សាសន្តិភាព ដែលយើងរកបានទាំងលំបាកឱ្យបានគង់វង្ស ដែលជាលក្ខខណ្ឌមិនអាចខ្វះបាន សំរាប់ការអភិវឌ្ឍន៍»