(ភ្នំពេញ)​៖​ យ៉ាងហើយណាស់ម៉ូតូ២គ្រឿងត្រូវបានក្រុមចោរវាយនិងកាប់ប្លន់យកនៅខណ្ឌ៣ផ្សេងគ្នា​ រួមមានខណ្ឌចំការមន ខណ្ឌដូនពេញ និងខណ្ឌសែនសុខ។

ករណីទី១ បានកើតឡើងនាម៉ោង​ ១១៖៥០នាទីយប់ថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ​២០១៦​ គឺមានជនសង្ស័យមួយក្រុម​ មានគ្មា២នាក់ប្រដាប់ដោយដែកទីប​ បានធ្វើការវាយប្លន់យកម៉ូតូ​ Scoopy​ ពណ៌ស​ស្លាក​លេខ ​ភ្នំពេញ​ 1FK-6027  មួយគ្រឿងពីជនរងគ្រោះម្នាក់នៅផ្លូវរទេះ​ភ្លើង​ទល់មុខ​ ក្តាន់ពីរ​ ស្ថិ​តក្នុងសង្កាត់ស្រេះចក ខណ្ឌដូនពេញ​ ។​  

ជនរងគ្រោះដែលត្រូវចោរវាយប្ល​ន់រងបួសត្រង់ក្បាល​ គឺមានឈ្មោះ​ មែល​ សភាហ្រីនភេទប្រុស​ អាយុ២១​ឆ្នាំ​ មុខរបរជួសជល់ទូរសព្ទ័​ ស្នាក់នៅម្តុំវត្តទួលសង្កែ​ ។​ ក្រោយកើតហេតុជនរងគ្រោះបា​ន​ត្រឹមតែទៅដាក់ពាក្យ​បណ្តឹងនៅប៉ុស្តិ៍​ស្រះចក​ ទាំងស្តាយម៉ូតូជាខ្លាំង​  ។​

ករណីទី២​ បានកើតឡើងនៅ​ម៉ោង​១៖២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៧ ​ខែមីនា ​ឆ្នាំ​​២០១៦នេះ​ បង្កដោយមានជនសង្ស័យ​ ជិត១០នាក់ជិះ​ម៉ូតូ​៦គ្រឿង​ មិនចាំម៉ាក​ ដែលប្រដាប់ទៅដោយ​ ដាវសាំម៉ូរៃ​ បានធ្វើសកម្មភាពកាប់​មកលើជនរងគ្រោះ​២នាក់បណ្តាលឲ្យម្នាក់​រងរបួសដៃខាងស្តាំ​ ដើម្បីប្លន់យកម៉ូតូ​ MSX ស្លាកលេខ ភ្នំពេញ​ 1FC- 9101  ទៅបាត់​នៅត្រង់ចំ​ណុច​ក្រោយមន្ទីរ​ពេទ្យរូស្សី​ ស្ថិត​ក្នុង​សង្កាត់ទំនប់ទឹក​ ខណ្ឌចំការមន​ ។​

ក្រោយពីកើតហេតុ​ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិទំនប់ទឹក​ដើម្បីឲ្យសមត្ថកិច្ចជួយតា​មរក​ម៉ូតូដែលក្រុមចោរប្លន់កាប់យកទៅ​ ។​

និងករណីទី៣ មានករណីបាញ់ប្លន់ម៉ូតូមិនបានសម្រេច នៅចំការព្រីង កាលពីវេលាម៉ោង ជាង៥​ព្រឹក​ថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ២០១៦។

ជនរងគ្រោះឈ្មោះ អុក សុល័ក្ខ ប្រុស អាយុ២៣ឆ្នាំ បាននិយាយថា គាត់ចេញពីផ្ទះមិត្តភក្តិ​រួចបណ្តើរម៉ូតូបែកកង់ ស៊េរី០១៥ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1G-7563 ស្រាប់តែមានក្រុម​ជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿង​ ក្នុងនោះមានអាសង់២គ្រឿង អាវេវអាល់ហ្វា១គ្រឿង ដោយក្រុមចោរ​បានបាញ់១គ្រាប់ចំភ្លៅជនរងគ្រោះ ហើយចង់បាញ់ដើមទ្រូង១គ្រាប់ទៀតតែអត់ផ្ទុះ ជនរងគ្រោះក៏វាយប្រតាយប្រតប់ហើយស្រែកថាចោរៗ ពួកវាភ័យក៏រត់គេចបាត់អស់។ ក្រោយកើតហេតុ ជនងគ្រោះត្រូវបានបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យ ៕