(ស្ទឹងត្រែង)៖ ចោរមួយក្រុមបានចូលទៅបាញ់ប្លន់ នៅផ្ទះថៅកែរកស៊ីទិញ-លក់ដំឡូងមួយកន្លែង នៅក្នុងស្រុកសេសាន្ត ខេត្តស្ទឹងត្រែង នៅវេលាម៉ោងជាង៧យប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះ។

ស្នងការនគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ ម៉ៅ តារា បានប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា «ខ្ញុំទើបទទួលបានព័ត៌មានហ្នឹងដែរ ហើយខ្ញុំកំពុងបញ្ជាឲ្យអធិការដឹកនាំកម្លាំងចុះទៅជួយអន្តរាគមន៍ហើយ តែរឿងរ៉ាវយ៉ាងណានោះនៅមិនដឹងលំអិតនៅឡើយទេ»

សេចក្តីរាយការណ៍បានឲ្យដឹងថា ជនសង្ស័យមានគ្នា៣នាក់ ប្រដាប់ដោយកាំភ្លើងខ្លី២ដើម និង AK ១ដើម បានចូលទៅបាញ់ប្លន់នៅផ្ទះលក់ដំឡូងនេះ រួចហើយគេចខ្លួនបាត់ជាមួយលុយមួយចំនួនផងដែរ។​

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ទៀតថា ក្មួយម្ចាស់ផ្ទះម្នាក់ត្រូវក្រុមចោរបាញ់ បណ្តាលអោយរងរបួសធ្ងន់។ បន្ទាប់ពីបាញ់ប្លន់ យកទ្រព្យសម្បត្តិ ក្រុមចោរ បានរត់គេចខ្លួនចូលទៅក្នុងព្រៃកៅស៊ូ ។

ប្រភពដដែលបានអះអាងថា កំលាំងសមត្ថកិច្ចកំពុងឡោមព័ទ្ធក្រុមចោរ៕