(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់រដ្ឋសភាបានលួចទម្លាយប្រាប់អង្គភាព Fresh News មុននេះបនិ្តចថា​ រាជរដ្ឋាភិបាល បានដាក់សំណើទៅកាន់រដ្ឋសភារួចហើយ នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ទី១៦ ខែមីនា ឆ្នាំ២០១៦នេះ ដោយស្នើសុំរុះរើគណៈរដ្ឋមន្រ្តីមួយចំនួន ដោយក្នុងនោះក៏មានក្រសួងការបរទេសផងដែរ។

មន្រ្តីរដ្ឋសភាជាន់ខ្ពស់រូបនោះ​ បានបញ្ជាក់ទៀតថា ការរុះរើគណៈរដ្ឋមន្រ្តីនេះ គឺជាការទន្ទឹងរង់ចាំរបស់ប្រជាពលរដ្ឋខែ្មរ ដែលចង់ឲ្យមានកំណែទម្រង់ល្អ នៅក្នុងជួររាជរដ្ឋាភិបាល។ 

ពាក់ព័ន្ធនឹងការរុះរើគណៈរដ្ឋមន្រ្តីនេះ Fresh News នឹងចេញផ្សាយបន្តបន្ទាប់ទៀត​ថា តើរដ្ឋមន្រ្តីក្រសួងណាខ្លះដែលត្រូវផ្លាស់ប្តូរ។

សូមជំរាបថា នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងពិចារណារុះរើគណៈរដ្ឋមន្រ្តី នៅក្នុងឆ្នាំ២០១៦នេះ បន្ទាប់ពីសម្តេចពិនិត្យឃើញថា មានរដ្ឋមន្រ្តីមួយចំនួនហាក់ស្ពឹកស្ពន់។ សម្តេចថា សម្តេចនឹងមិនអាចយោគយល់ ឬចាំស្លាប់ជាមួយមន្រ្តីស្ពឹកស្ពន់ទាំងអស់នោះឡើយ ហើយថាដល់ពេលហើយ ដែលកម្ពុជាធ្វើកំណែទម្រង់ «ងូតទឹក ឆ្លុះកញ្ចក់ និងដុះក្អែល»នោះ៕