(ភ្នំពេញ)៖ ទីតាំងផ្ដល់ការសេពគ្រឿងញៀន និងលេងល្បែងហ្គេមបាញ់ត្រីមួយកន្លែង ត្រូវបានកម្លាំងនគរបាល ខណ្ឌឫស្សីកែវសហការ និងកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ បើកការបង្ក្រាប និងឃាត់​ខ្លួនមនុស្ស៣នាក់ នៅវេលាម៉ោង០៣៖៥០នាទីរសៀលថ្ងៃទី​១៦ ខែមីនា ឆ្នាំ២០១៦ ត្រង់ចំណុចសំណង់មិនរៀបរយ ជួរមាត់ទន្លេ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនត្រូវជាប់សង្ស័យពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន និងប្រព្រឹត្តល្បែងខុសច្បាប់ទាំង៣នាក់ ទី១. ឈ្មោះ ដៃ ដុង អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅ ចំណុចកើតហេតុខាងលើ ទី២. ឈ្មោះ សៀវ ពៅ ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរជាកម្មករសំណង់ ស្នាក់នៅ ស្រុកពញ្ញាឮ ខេត្តកណ្ដាល ទី៣. ឈ្មោះ ហែម ធីតា ភេទស្រី អាយុ២៥ឆ្នាំ មានមុខរបរជាអ្នកមើលការខុសត្រូវទូរហ្គេមបាញ់ត្រី ស្នាក់នៅ មុខពេទ្យលោកសង្ស ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងទៀតថា ដើម្បីបង្ការ និងទប់ស្កាត់រាល់បទល្មើសចោរកម្មផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាដើម ដែលកើតមានឡើង ក្នុងមូលដ្ឋាននារសៀលនេះ កម្លាំងសមត្ថកិច្ចខណ្ឌ និងប៉ុស្ដិ៍បានលបឆ្មក់ បង្ក្រាបទីតាំងផ្ដល់ ការជក់គ្រឿងញៀន និងលេងល្បែងហ្គេមបាញ់ត្រីមួយកន្លែង ដោយឃាត់ខ្លួនជនត្រូវជាប់សង្ស័យចំនួន៣នាក់ និងដកហូតវត្ថុតាងមួយចំនួនដូចជា ទូរហ្គេមបាញ់ត្រីធំចំនួន១​ព្រមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀន​មួយចំនួនផងដែរ។

មន្ត្រីនគរបាលខណ្ឌឫស្សីកែវបានបញ្ជាក់ថា ជនត្រូវជាប់សង្ស័យទាំង៣នាក់​ខាងលើ ត្រូវបញ្ជូនទៅឃុំខ្លួនសាកសួរបណ្ដោះ​អាសន្ន​នៅអធិការដ្ឋាន​នគរបាលខណ្ឌឫស្សីកែវ​ដើម្បីចាត់ការតាម​និតិវិធីច្បាប់៕

 

Posted by Fresh News Photo on Wednesday, March 16, 2016