(ភ្នំពេញ)៖ ម្ចាស់អាជីវកម្មបូមខ្សាច់ក្រុមហ៊ុន KPY Development Group Co,. Ltd បានប្តឹងសន្តិសុខសាលាខណ្ឌជ្រោយចង្វារថា បានលើកគ្នាមកកាប់ទុយោបូមខ្សាច់ជាកង់ៗ ហើយលើកដាក់លើរថយន្តមិនដឹងមូលហេតុ ខណៈក្រុមហ៊ុនបានធ្វើអាជីវកម្មបូមខ្សាច់ដោយមានអាជ្ញាប័ណ្ណត្រឹមត្រូវ។

លោក ឯល គ្រីយ៉ា នាយកក្រុមហ៊ុន KPY បានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ ឈ្មោះ ប៉ែន ហាន តួនាទីជាអនុប្រធានសន្តិសុខខណ្ឌជ្រោយចង្វារ និងមន្រ្តីមួយចំនួន បានធ្វើសកម្មភាពវាយកម្ទេចទុយោបូមខ្សាច់របស់ក្រុមហ៊ុន ដែលកំពុងធ្វើការបូមខ្សាច់ នៅទីតាំងភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ដោយមិនមានដឹងមូលហេតុ ធ្វើឲ្យមានការភ្ញាក់ផ្អើល ពីសំណាក់អ្នកស្រុកដែលរស់នៅតំបន់នោះថែមទៀតផង។

ជុំវិញករណីនេះ មន្រ្តីសាលាខណ្ឌជ្រោយចង្វារ បានចេញមកបដិសេធភ្លាមៗ ដោយឆ្លើយតបទៅវិញថា ក្រុមហ៊ុនមួយនេះ អាងមានអាជ្ញាប័ណ្ណពីរដ្ឋ ស្រាប់តែធ្វើសកម្មភាពដាក់ទុយោបូមខ្សាច់ពេញទឹកពេញដី គ្មានសហការជាមួយអាជ្ញាធរ តាំងពីថ្នាក់ភូមិរហូតដល់ថ្នាក់ខណ្ឌនោះឡើយ។ ជាមួយគ្នានេះខាងសាលាខណ្ឌ បានកោះហៅទៅដោះស្រាយ ប៉ុន្តែខាងក្រុមហ៊ុនមួយនេះ មិនបានចូលខ្លួននោះឡើយ រហូតមកដល់ពេលនេះ។

មន្រ្តីសាលាខណ្ឌជ្រោយចង្វារ បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះថា «ក្រុមហ៊ុនមួយនេះ មានអាជ្ញាប័ណ្ណហើយ តែមិនដែលមកសហការជាមួយយើងនោះទេ ពោលនៅពេលដាក់ទុយោបូមខ្សាច់ម្តងៗ នៅកន្លែងណាក៏ដោយ ក៏មិនដែលរាយការណ៍ និងជូនដំណឹងមកភូមិ-សង្កាត់ និងខណ្ឌនោះទេ ពួកគេចង់ដាក់បូមកន្លែងណាស្រេចតែគេ ដូច្នេះហើយយើងក៏ប្រើវិធានរដ្ឋបាលចុះទៅប្រមូលយកទុយោមកដាក់សាលាខណ្ឌ រង់ចាំឲ្យតំណាងក្រុមហ៊ុម ចូលខ្លួនមកដោះស្រាយ និងបង្ហាញច្បាប់ទម្លាប់ តែមកដល់ពេលនេះ មិនទាន់ឃើញពួកគេចូលខ្លួនឡើយ ថែមទាំងបានដាក់ពាក្យបណ្តឹងទៅកាន់តុលាការទៀតផង»។

ចំពោះការដាក់ពាក្យបណ្តឹងនេះ ត្រូវបានមន្រ្តីសាលាខណ្ឌជ្រោយចង្វារថ្លែងថា ខាងសាលាខណ្ឌក្រោមការដឹកនាំពីអភិបាលខណ្ឌ លោក ឃ្លាំង ហួត បានធ្វើរបាយការណ៍ទៅសាលារាជធានីភ្នំពេញផងដែរ ដើម្បីសុំឲ្យមេធាវីរបស់សាលារាជធានី ជួយដោះស្រាយ និងបន្តនីតិវិធីតាមច្បាប់ ពីព្រោះយើងត្រូវការពារក្រុមសន្តិសុខរបស់យើងដែលធ្វើត្រូវ និងធ្វើឡើងតាមការណែនាំពីថ្នាក់ដឹកនាំ៕