(ភ្នំពេញ)៖ បច្ចេកវិទ្យាឌីជីថល ជាឃ្នាស់យ៉ាងសំខាន់ ក្នុងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជាចន្ទល់ដ៏រឹងមាំសម្រាប់ខឿនសេដ្ឋកិច្ចសង្គម របស់ប្រទេសកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ «ក្របខ័ណ្ឌគោល នយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» សម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ចដែលទាញប្រយោជន៍ ពីបច្ចេកវិទ្យាឌីជីថល ក្នុងគោលដៅដើម្បីកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលមួយដែលរស់រវើក និងរឹងមាំ ជាពិសេសក្នុងបរិការណ៍នៃជំងឺកូវីដ-១៩។ ដើម្បីសម្រេចគោលដៅនេះ ការជំរុញបង្កើត និងគាំទ្រធុរកិច្ចថ្មី គឺជាយន្តការមួយដ៏សំខាន់។

ក្នុងនាមជាសេនាធិការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, មជ្ឈមណ្ឌលបណ្ដុះធរុកិច្ចថ្មី «តេជោ» មានបេសកកម្មបង្កើត និងបណ្ដុះធុរកិច្ចថ្មី ឱ្យលូតលាស់ក្លាយជាក្រុមហ៊ុន ដែលមានអាជីវកម្មជោគជ័យ ដោយអនុវត្តគោលការណ៍នវានុវត្តន៍ និងបច្ចេកវិទ្យាជឿនលឿន។

ថ្មីៗនេះ មជ្ឈមណ្ឌលបណ្ដុះធរុកិច្ចថ្មី «តេជោ» ទើបតែបានបញ្ចប់កម្មវិធីពន្លឿនអាជីវកម្មមួយឈ្មោះថា «កម្មវិធីនវានុវត្តន៍បញ្ច្រាស» ដែលជាកម្មវិធីដំបូងគេ នៅក្នុងប្រទេសកម្ពុជា ដែលបានប្រើអភិក្រមបញ្ច្រាសពីកម្មវិធីពន្លឿនអាជីវកម្មទូទៅ ដោយស្វែងរកក្រុមហ៊ុនសាជីវកម្ម ប្រកាសអំពីបញ្ហាប្រឈមរបស់ពួកគេ ហើយឱ្យក្រុមធុរកិច្ចថ្មី ជាអ្នកអភិវឌ្ឍផលិតផលបែបនវានុវត្តន៍ ក្នុងការដោះស្រាយបញ្ហាទាំងនោះ ដើម្បីប្រកួតប្រជែងយកជ័យលាភី។

ជាលទ្ធផល ម្ចាស់ជ័យលាភីលេខ១គឺក្រុម ARSAR ទទួលបានប្រាក់រង្វាន់៤០លានរៀល, លេខ២គឺក្រុម 3S ទទួលបានប្រាក់រង្វាន់៣០លានរៀល, និងលេខ ៣គឺក្រុម NAPT ទទួលបានប្រាក់រង្វាន់២០លានរៀល។ ជាមួយគ្នានេះដែរ គណៈកម្មការនៃកម្មវិធីក៏បានសម្រេចផ្តល់នូវពានរង្វាន់ចំនួន២បន្ថែមដល់ ក្រុម FaS eKYC សម្រាប់ «The Most Ready-To-Go Solution» និង ក្រុម ដើមលុយ សម្រាប់ «The Most Innovative Idea»។

នារសៀលថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នៅសាលប្រជុំ ទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិត តាំង ងួនលី នាយកនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» បានអញ្ជើញចូលរួមប្រគល់ពានរង្វាន់ជូនក្រុមជ័យលាភីទាំងនោះ។

ក្នុងចំណោមក្រុមដែលទទួលបានពានរង្វាន់នេះ ក្រុមចំនួន៤ បានអភិវឌ្ឍផលិតផល «ការងារស្គាល់អតិថិជនតាមប្រព័ន្ធអេឡិចត្រូនិក (eKYC)» ដោយប្រើបច្ចេកវិទ្យាបញ្ញានិម្មិត។ ជាការពិតណាស់ នៅក្នុងបរិបទសេដ្ឋកិច្ចឌីជីថល, ដើម្បីបង្កើតផលិតផល និងផ្ដល់សេវាកម្មជូនអតិថិជន ដែលមានលក្ខណៈនវានុវត្តន៍ និងឌីជីថល, eKYC ពិតជាដើរតួនាទីសំខាន់ ក្នុងការធ្វើឱ្យប្រសើរឡើងនូវដំណើរការ ទទួលបានអតិថិជនថ្មីបានឆាប់រហ័ស និងងាយស្រួលជាងមុន ជាពិសេសក្នុងបិរបទនៃជំងឺកូវីដ-១៩នេះ ដែលតម្រូវឱ្យមានការកាត់បន្ថយការជួបគ្នាដោយផ្ទាល់ និងការប្រើក្រដាសស្នាមជាអប្បបរមា។

ការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីមួយដែលមានភាពរស់រវើកសម្រាប់ធ្វើអាជីវកម្ម ពិតជាអាចជំរុញឱ្យមានការលូតលាស់នូវធុរកិច្ចថ្មីក្នុងប្រទេសកម្ពុជា។ កម្មវិធីនវានុវត្តន៍បញ្ច្រាស បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតអន្តរទំនាក់ទំនងរវាងស្ថាប័ននានាក្នុងប្រព័ន្ធអេកូឡូស៊ីនេះ ដែលរួមមានរាជរដ្ឋាភិបាល, ស្ថាប័នឯកជន, គ្រឹះស្ថានអប់រំ, ក្រុមធុរកិច្ចថ្មី, វិនិយោគិន, និងដៃគូអភិវឌ្ឍន៍។

ជាមួយនឹងលទ្ធផលគួរជាទីគាប់ប្រសើរបែបនេះ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» បាននិងកំពុងរៀបចំកម្មវិធី ពន្លឿនអាជីវកម្មថ្មីមួយទៀត ដែលនឹងដំណើរការឆាប់ៗខាងមុខនេះ ដើម្បីបំផុសឱ្យមានការអភិវឌ្ឍផលិតផលឌីជីថលថ្មីៗបន្ថែមដើម្បីជួយទ្រទ្រង់ និងពន្លឿនកំណើននៃការចាប់យកឌីជីថល និងបរិវត្តកម្មឌីជីថលរបស់ស្ថាប័នឯកជន, ស្ថាប័នរាជរដ្ឋាភិបាល, និងប្រជាពលរដ្ឋ ដើម្បីចាក់គ្រឹះឱ្យរឹងមាំក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា ក៏ដូចជាជួយពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឱ្យកាន់តែរស់រវើកជាងមុនផងដែរ៕