(ភ្នំពេញ)៖ នៅក្នុងការផ្លាស់ប្តូរទស្សនៈ ស្ដីពីបរិយាកាសសន្តិសុខតំបន់ និងអន្តរជាតិ ក្នុងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-បូក លើកទី៨ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា កិច្ចប្រជុំនៅថ្ងៃនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ក្នុងការធានាឱ្យតំបន់របស់យើងមានសាមគ្គីភាព និងវិបុលភាព ដូចមានចែងក្នុងមូលបទរបស់យើងគឺ «យើងយកចិត្តទុកដាក់ យើងប្រុងប្រៀប យើងរីកចម្រើន»។

កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-បូក លើកទី៨ (ADMM-Plus) បានធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ដែលមានប្រទេសប្រ៊ុយណេដារូសាឡាំ ធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងការពារជាតិ អាស៊ានទាំង១០ ប្រទេស និងរដ្ឋមន្ត្រីការពារជាតិប្រទេសបូក ចំនួន៨ទៀត ដែលរួមមាន៖ ប្រទេសអូស្ត្រាលី ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា រុស្ស៊ី សហរដ្ឋអាមេរិក និងញូហ្សេឡែនផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានចែករំលែកនូវបញ្ហាប្រឈមផ្នែកសន្តិសុខសំខាន់ៗ ក្នុងតំបន់មួយចំនួន ដែលក្នុងនោះ សម្តេចពិជ័យសេនា បានចាត់ទុកជំងឺកូវីដ១៩ គឺជាបញ្ហាប្រឈមដ៏សំខាន់មួយក្នុងចំណោមបញ្ហាប្រឈមនានា នៅលើពិភពលោក។

សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖ «ទោះបីយើងទទួលជោគជ័យក្នុងការបង្កើតវ៉ាក់សាំងការពារជំងឺកូវីដ១៩ ក៏ដោយ យើងនៅតែមានការព្រួយបារម្ភចំពោះមេរោគបំប្លែងថ្មីៗដែលកំពុងរាលដាលទូទាំងពិភពលោក និងប្រសិទ្ធភាពនៃវ៉ាក់សាំងប្រឆាំងនឹងវីរុសថ្មីទាំងនេះ។ នៅក្នុងបរិបទនេះ ទាមទារឱ្យមានការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតដ៏សាហាវនេះ»

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ទៀតថា ក្នុងកាលៈទេសៈដ៏លំបាកនេះកងកម្លាំងប្រដាប់អាវុធ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហា។ សម្តេចបានសង្កត់ធ្ងន់ថា៖ «វាមានសារសំខាន់ណាស់ សម្រាប់កងកម្លាំងយោធាអាស៊ានធ្វើការរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ដោយសារវាជាបញ្ហាប្រឈមសន្តិសុខឆ្លងព្រំដែន ដែលទាមទារឱ្យមានការ ឆ្លើយតបរួមគ្នា»

សម្រាប់ប្រទេសកម្ពុជា សម្តេចពិជ័យសេនា បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ បានបំពេញការងារយ៉ាងធំធេង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូរី១៩ ទទួលបានជោគជ័យយ៉ាងខ្លាំង។ ក្រសួងការពារជាតិកម្ពុជា បានបង្កើតគណៈកម្មាធិការមួយដែលជាផ្នែកមួយ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីផ្តល់វ៉ាក់សាំង មិនត្រឹមតែសម្រាប់កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជូនដល់សាធារណជន កម្មករ ជាពិសេសនៅតំបន់ក្រហម ដែលជាតំបន់មានបញ្ហាប្រឈមធ្ងន់ធ្ងរ។ មកដល់ពេលនេះ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនប្រជាជនបានជាង ១លាននាក់ទូទាំងប្រទេស។

ឆ្លៀតក្នុងឱកាសនោះ សម្តេចពិជ័យសេនា បានថ្លែងអំណរគុណដល់ប្រទេសចិន អូស្ត្រាលី ដែលបានផ្តល់ជំនួយថវិកា និងវ៉ាក់សាំង ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា។

នៅក្នុងការផ្លាស់ប្តូរទស្សនៈ ស្ដីពីបរិយាកាស សន្តិសុខតំបន់ និងអន្តរជាតិ ក្នុងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-បូក នាឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ចូលរួមចែករំលែកនូវបញ្ហាប្រឈមផ្នែក សន្តិសុខសំខាន់ៗទៀតដូចជា៖ បញ្ហាសន្តិសុខលម្ហសមុទ្រ អំពើភេរវកម្ម និងបានលើកឡើងអំពីការឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសន្តិសុខតំបន់ និងអន្តរជាតិ តាមរយៈការបង្កើតវេទិកាពិភាក្សា និងយន្តការកិច្ចសហប្រតិបត្តិការជាច្រើន។

ក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានចូលរួមអនុម័តសេចក្ដីប្រកាស បេដាសេរីបេហ្គាវ៉ាន់ ដោយរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្នុងការប្រារព្ធខួបលើកទី១៥ របស់រដ្ឋមន្ដ្រីការពារជាតិអាស៊ាន ឆ្ពោះទៅកាន់ការត្រៀមជាស្រេចសម្រាប់អនាគត សន្តិភាព និងវិបុលភាពអាស៊ានផងដែរ៕