(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ។

តាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្រុមការងារនេះមាន លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ជាប្រធាន និងមានអនុប្រធាន២រូប ព្រមទាំងសមាជិកចំនួន១២រូបផងដែរ។

ក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ មានតួនាទី និងភារកិច្ចដូចខាងក្រោម៖

*ធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការងាររាជរដ្ឋាភិបាលឌីជីថល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ និងគ្រប់គ្រងគម្រោងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៅតាមបណ្តាអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួង
* សហការជាមួយដៃគូពាក់ព័ន្ធ ទីប្រឹក្សា និងអ្នកជំនាញតាមការចាំបាច់ ដើម្បីរៀបចំកសាងផែនការមេបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងការបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពធនធានមនុស្ស
* គ្រប់គ្រងការធ្វើសមាហរណកម្មតភ្ជាប់រវាងប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន របស់ក្រសួងមហាផ្ទៃ ជាមួយប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃបណ្តាក្រសួង-ស្ថាប័ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា
* គ្រប់គ្រងការធ្វើបច្ចុប្បន្នភាព វាយតម្លៃគុណភាពប្រព័ន្ធ និងសម្ភារបច្ចេកទេស បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឱ្យសមស្របតាមស្ថានភាពរីកចម្រើននៃបច្ចេកវិទ្យាពិភពលោក បម្រើដល់ការងារជំនាញ និងការងារផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព
* រៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ដើម្បីធានាដល់ការការងារអនុវត្តតាមប្រព័ន្ធបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ការងាររដ្ឋាភិបាលឌីជីថល ពលរដ្ឋឌីជីថល និងធិរកិច្ចឌីជីថល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ
* រៀបចំរបាយការអំពីលទ្ធផលការងារតាមដំណាក់កាលនីមួយៗ ជូនរដ្ឋមន្ត្រីដើម្បីជូនជ្រាប ឬ និងស្នើសុំមតិដឹកនាំតាមការចាំបាច់៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់សម្តេចក្រឡាហោម ស ខេង៖