(កណ្តាល)៖ ព្រះតេជគណ ព្រះនាម អ៊ី ពិសិត គង់នៅវត្តកោះថ្មី ស្ថិតក្នុងភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល កំពុងរងការប្រកាន់ និងរហូតមានការតវ៉ាពីគណៈកម្មការវត្ត និងពុទ្ធបរិស័ទនៅទីនោះ ដោយស្នើឲ្យនិមន្តចេញ ពីវត្តកោះថ្មីតែម្តង ជាមួយនិងទាមទារបច្ច័យដែលបានមកពីបុណ្យកឋិន បុណ្យភ្ជុំបិណ្ឌ និងបុណ្យផ្សេងៗ សរុប១២០លានរៀល និងជាង៩០០០ ដុល្លារ យកទៅទុកដោយមិនព្រមបញ្ចេញដើម្បីកសាងសមិទ្ធផល ក្នុងវត្តជាងពីរឆ្នាំមកហើយ។

ការផ្ទុះតវ៉ានេះ ក៏បានកើតឡើងបន្ទាប់ពីព្រះសង្ឃ បានមានថេរៈដិកាថា ចង់កាត់ដីវត្តលក់ដើម្បីយកបច្ច័យកសាងផ្លូវបេតុងចូលវត្ត និងផ្លូវជាប់របងខាងមុខវត្ត។ នេះបើយោងតាមការលើកឡើងរបស់គណៈកម្មការវត្ត និងប្រជាពលរដ្ឋនៅភូមិកោះថ្មីនោះ។

ប្រជាពលរដ្ឋ និងគណៈកម្មការវត្តកោះថ្មី បានលើកឡើងថា មូលហេតុដែលពួកគាត់ធ្វើការតវ៉ានេះ ដោយសារពួកគាត់មើលឃើញថា ព្រះសង្ឃអង្គព្រះនាម អ៊ី ពិសិត មានព្រះទ័យមិនស្មោះត្រង់ មានកំហុសឆ្គងពីវិន័យធម៌ជាច្រើន មិនសមបួសជាព្រះសង្ឃនោះឡើយ ជាពិសេសធ្វើឲ្យប្រជាពុទ្ធស័ទចំណុះជើងវត្តអស់ជំនឿលែងទុកចិត្តរហូតចង់កសាងសមិទ្ធផលអ្វីមួយក្នុងវត្តសុខចិត្តធ្វើដោយខ្លួនឯងដូចជាករណីកំពុងកសាងរបងវត្ត និងកុដិជាដើម។

ជាងនេះទៅទៀត រឿងដែលពួកគាត់កាន់តែអស់ជំនឿនោះ ខណៈដែលពួកគាត់បាននាំគ្នាទៅថ្វាយបង្គំទូលសួរនាំរឿងកសាងផ្លូវបេតុងចូលវត្ត និងផ្លូវបេតុងតាមរបងមុខវត្ត ស្រាប់តែព្រះសង្ឃអង្គនេះមានថេរៈដិកាថា អត់មានបច្ច័យកសាង មានតែកាត់ដីវត្តលក់។

ត្រង់ចំណុចនេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋ និងគណៈកម្មការវត្ត មិនពេញចិត្តដោយសារដីបរិវេណវត្តបានមកពីពួកគាត់រៃអង្គាសគ្នាទិញ។ ហើយរឿងដែលពួកគាត់កាន់តែមិនពេញចិត្តថែមទៀតនោះ គឺនៅពេលដែល គណៈកម្មការវត្ត ចេះតែដេញដោលសួររឿងបច្ច័យដែលប្រមូលបានពីបុណ្យកឋិន បុណ្យភ្ជុំបិណ្ឌ និងបុណ្យផ្សេងៗ សរុបប្រមាណ ១២០លានរៀល និងប្រាក់ដុល្លារជាង៩០០០ដុល្លារ នោះយកទៅណា? ហេតុអ្វីមិនយកបច្ច័យនោះមកកសាងផ្លូវ បែរជាចង់កាត់ដីវត្តលក់ទៅវិញ? ស្រាប់តែព្រះអង្គ រំសាយគណៈកម្មការវត្តចោលតែម្តង។ ករណីដែលរំសាយគណៈកម្មការវត្តនេះ ត្រូវបានប្រជាពលរដ្ឋ និងគណៈកម្មការវត្តដាក់ការសង្ស័យថា មានព្រះទ័យចេតនាចង់លាក់បាំងពីរឿងបច្ច័យទាំងអស់។

ពាក់ព័ន្ធនឹងការលើកឡើងបែបនេះ ព្រះសង្ឃព្រះនាម អ៊ី ពិសិត មានថេរៈដិកាដល់ភ្នាក់ងារសារព័ត៌មាន Fresh News តាមទូរស័ព្ទឲ្យដឹងថា ការលើកឡើងនោះមិនពិតទាំងស្រុងទេ ពីព្រោះបច្ចុប្បន្នព្រះតេជគណកំពុងឲ្យគេ បូកសរុបបញ្ជីបច្ច័យ ដែលប្រមូលបាន និងបញ្ជីចំណាយលើការកសាងសមិទ្ធផលក្នុងវត្តពីមុនមកដើម្បីប្រជុំដោះស្រាយ និងបង្ហាញឲ្យពួកគាត់បានដឹង។

ព្រះអង្គបានមានសង្ឃដិកាទៀតថា ចំណែករឿងដែលពួកគាត់និយាយថា ព្រះអង្គរំសាយគណៈកម្មការនោះ គឺមិនពិតឡើយ ព្រះអង្គមិនបានរំសាយគណៈកម្មការវត្តរហូតនោះទេ គឺគ្រាន់តែរំសាយមួយសីលប៉ុណ្ណោះ។ ហើយរឿងដែលពុទ្ធបរិស័ទកសាងសមិទ្ធផលក្នុងវត្តខ្លួនឯង ដោយមិនបានប្រគេនបច្ច័យឲ្យព្រះសង្ឃគ្រប់គ្រងនោះ ពីព្រោះពួកគាត់ចង់គ្រប់គ្រងកសាងដោយខ្លួនឯង។

ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋ និងគណៈកម្មការវត្តកោះថ្មី នៅតែលើកឡើងថា ពួកគាត់មិនពេញចិត្តចំពោះព្រះសង្ឃ អ៊ី ពិសិត ក្នុងការដោះស្រាយនោះទេ និងសូមឲ្យថ្នាក់លើជួយអន្តរាគមន៍ដោះស្រាយរឿងទាំងនេះផង៕