(ណៃពិដោ)៖ អគ្គមេបញ្ជាការយោធានៃសហភាពមីយ៉ាន់ម៉ា បានចេញសារអបអរសាទរចំពោះ លោក យូ ហាទីន ក្យរ (U Htin Kyaw) មកពីគណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យរបស់ លោកស្រី អ៊ុងសាន ស៊ូជី (NLD) ដែលត្រូវបានសភាគាំទ្រឲ្យឡើងកាន់តំណែងជា ប្រធានាធិបតីថ្មីក្នុងអណត្តិប្រាំឆ្នាំ។ នេះបើតាមការផ្សាយពីទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០១៦។

សេចក្តីថ្លែងការណ៍ខាងលើនេះ ធ្វើឡើងដោយការិយាល័យនៃអគ្គមេបញ្ជាការយោធាការពារជាតិមីយ៉ាន់ម៉ា ដោយក្នុងនោះ អតីតរបបដឹកនាំយោធាដែលធ្លាប់ដឹកនាំប្រទេសជាងកន្លះសតវត្សរ៍ បានកោតសរសើរ ព្រមទាំងសម្តែងនូវមោទនភាព ចំពោះលទ្ធផលនៃការបោះឆ្នោតកន្លងមក។

យោធាភូមា ក៏បានសន្យាផងដែរថា នឹងរួមសហការគ្នាជាមួយនឹងលោកប្រធានាធិបតី យូ ព្រមទាំងរដ្ឋាភិបាល ដែលដឹកនាំដោយ NLD ក្នុងការបង្កើតឲ្យបាននូវរដ្ឋមួយប្រកបដោយ ស្ថិរភាព, ការរួបរួម, និងអភិវឌ្ឍន៍៕