(ភ្នំពេញ)៖ រោងការដ៏ធំមួយ​ ដោយគេមិនបានដឹងថាជារបស់អ្នកណា បានសង់នៅលើកំណាត់ផ្លូវលេខ៥៩៨ ហៅផ្លូវជាសុផារ៉ា ក្បែររង្វង់មូលកាំកូស៊ីធី បិទផ្លូវមួយចំហៀងទាំងស្រុង ដោយមិនអាចអោយរថយន្ត និងម៉ូតូបើកបរបានបង្កការរិះគន់យ៉ាងខ្លាំង ពីអ្នកធ្វើដំណើរឆ្លងកាត់នៅតាមកំណាត់ផ្លូវនោះ។

មិត្តអ្នកអានរបស់ Fresh News ដែលមានផ្ទះ នៅតាមបណ្ដោយផ្លូវលេខ៥៩៨ហើយ ធ្វើដំណើរឆ្លងកាត់ទើសភ្នែក នឹងរោងការសង់បិទផ្លូវអស់ម្ខាងខាងលើនេះ បានថតរូបផ្ញើមកឲ្យ Fresh News ជួយផ្សាយជំរាបជូនទៅអាជ្ញាធរខណ្ឌ និងក្រុងគួរយកភ្នែកមើលផង ថាតើគួរបណ្ដោយឲ្យសង់បិទផ្លូវបែបនេះ តទៅទៀតឬអត់?

មិត្តអ្នកអានខាងលើបានបន្តថារោងការនេះ ត្រូវបានគេសង់ឡើងតាំងពីល្ងាចថ្ងៃទី១៥ ខែមីនាមកម្ល៉េះ នៅតាមបណ្ដោយផ្លូវលេខ៥៩៨ ហៅផ្លូវជា សុផារ៉ា មុខសមាគមត្រកូលលីកម្ពុជា​ ខាងជើងរង្វង់មូលកាំកូស៊ីធី ជាងពីរបីរយម៉ែត្រ ដែលជាកំណាត់ផ្លូវធ្វើចរាចរដ៏មមាញឹក។ ក្នុងនោះគេបានសង់រោងបិទផ្លូវផ្នែកខាងលិចទាំងស្រុង តែម្ដងខណៈផ្លូវលេខ៥៩៨ ខាងលើត្រូវបានគេដាក់រនាំងថ្ម ពុះចែកទ្រូងផ្លូវដូចនេះ អ្នកដែលធ្វើដំណើរពី ជើងមកត្បូង ពេលមកដល់រោងការខាងលើ ត្រូវបើកវាងបញ្ច្រាសទិស ចូលមកខាងឆ្វេងដៃ ដែលនាំអោយផ្លូវចង្អៀត ស្រាប់កាន់តែចង្អៀតថែម។

គេមិនដឹងថារោងការសង់បិទផ្លូវស៊ីអស់មួយចំហៀងនេះ ជារបស់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ ឬជារបស់អស់លោក លោកស្រីណានោះទេ តែគេគ្រាន់មើលឃើញ ទិដ្ឋភាពសង់រោងដាក់សុទ្ធតែម៉ាស៊ីនត្រជាក់បែបនេះ គឺម្ចាស់ដើមការជាមនុស្សមិនធម្មតានោះទេ ទើបអាចសង់រោងបិទផ្លូវបានបែបនេះ។

រឿងសង់រោងការ រោងបុណ្យ និងរោងកម្មវិធីផ្សេងៗ នៅលើទ្រូងផ្លូវនៅរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ តែងតែត្រូវបានរិតត្បិត ដោយអាជ្ញាធរមានសមត្ថកិច្ច កុំថាឡើយ ដល់សង់បិទផ្លូវទាំងស្រុង សូម្បីតែបិទពាក់កណ្ដាល ឬបិទផ្លូវតូចមិនសំខាន់ក៏មន្ត្រីអាជ្ញាធរ សមត្ថកិច្ចមិនអនុញ្ញាតអោយសង់ដែរ ព្រោះវាបង្កការកកស្ទះចរាចរ និងធ្វើអោយបាត់បង់ សណ្ដាប់ធ្នាប់សាធារណៈ ដោយសារតែនៅរាជធានី នាពេលបច្ចុប្បន្នកំណើនយានយន្ត និងការធ្វើចរាចរមានភាពមមាញឹកខ្លាំង។ ក្នុងនោះសូម្បីតែអាជ្ញាធរខណ្ឌជ្រោយចង្វារ ដើម្បីកាត់បន្ថយការកកស្ទះចរាចរ និងបាត់បង់សណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាន បានសម្រេចមិនអោយមានសង់រោងការ រោងបុណ្យ និងរោងកម្មវិធីផ្សេងៗនៅលើ ទ្រូងផ្លូវជាតិលេខ៦ និងផ្លូវទន្លេសាប នៅក្នុងទឹកដីរបស់ខ្លួន គ្រប់គ្រងទៀតផង។

តាមព័ត៌មានចុងក្រោយ​ ដែលបានមកពីលោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានថ្លែងប្រាប់ភ្នាក់ងារ Fresh news នៅរសៀលថ្ងៃនេះ ថារោងការខាងលើម្ចាស់គេបាន សុំច្បាប់ទៅសាលារាជធានី និងស្នងការរួចហើយ៕