(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ នេះបានចាត់ឲ្យ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ចុះទៅសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ ទៅជូនដល់ លោក នូ សារុំ ហៅនាយក្រៀវ ជាអតីតតារាកំប្លែង តាំងពីឆ្នាំ១៩៨៧ ដែលមានជំងឺលើសឈាមស្លាប់មួយជំហៀងខ្លួនអស់រយៈពេល ៥ខែមកហើយ ដែលបច្ចប្បន្នរស់នៅក្នុងសង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរ លោកស្រី ម៉ែន នារីសោភ័គ ក៏បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ចំពោះបញ្ហាសុខភាពរបស់លោក និងសូមឲ្យលោកថែរក្សាសុខភាព កុំអស់សង្ឃឹម និងត្រូវព្យាយាមធ្វើការលំហាត់ប្រាណ ឲ្យបានទៀងទាត់ ព្រោះជំងឺនេះ អាចនឹងជាសះស្បើយឡើងវិញ។

ឆ្លើយតបទៅនឹងទឹកចិត្តសប្បុរសធម៌នេះ លោក នូ សារុំ ហៅ នាយក្រៀវ និងក្រុមគ្រួសារ បានថ្លែងអំណរគុណដល់ កាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ជាក់ស្ដែង ដូចជារូបខ្ញុំក្នុងពេលនេះ និងសូមជូនពរឲ្យសម្តេច ជួបតែ សេចក្តីសុខគ្រប់ពេលវេលា ជោគជ័យគ្រប់ភារៈកិច្ចទាំងអស់ និងមានសុខភាពល្អ អាយុយឺនយូរ។

សូមបញ្ជាក់ថា អំណោយដែលត្រូវយកទៅប្រគល់ជូន រួមមាន៖ អង្ករ ១០០គីឡូក្រាម មី ៤កេស ត្រីខ ៤០កំប៉ុង ឃីត ១(សារុង មុង ភួយ ក្រមា) ទឹកដោះគោឆៅ ២ឡូ ទឹកផ្លែឈើ ២កេស ទឹកក្រូច ១កេស ទឹកសុទ្ធ ៤កេស និងថិវកាមួយចំនួនផងដែរ៕