(កំពត)៖ អភិបាលខេត្តកំពត លោក ជាវ តាយ បានដឹកនាំមន្ត្រីពាក់ព័ន្ធ ទទួលអំណោយសប្បុរសធម៌ ពីក្រុមហ៊ុន «ជីប ម៉ុង អុិនស៊ី ស៊ីមេន» ដើម្បីរួមចំណែកក្នុងស្ថានភាព ដែលរដ្ឋបាលខេត្តកំពត បាននឹងកំពុងអនុវត្តសកម្មភាពយកចិត្តទុកដាក់ប្រយុទ្ធ បង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ ពិធីទទួលអំណោយខាងលើនេះ ធ្វើឡើងនៅសាលាខេត្តកំពត នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។

ក្នុងពិធីនោះលោក ចច នីកូឡាស់ នាយកក្រុមហ៊ុន ជីប ម៉ុង «អ៊ិន ស៊ី ស៊ី មេន» បានថ្លែងកោតសរសើរចំពោះរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពត ដែលកន្លងមក តែងបានអនុវត្តវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ មានលក្ខណៈល្អប្រសើរ ធ្វើឲ្យសកម្មភាពសេវាកម្មគ្រប់ប្រភេទ ពិសេសការរកស៊ីរបស់ក្រុមហ៊ុន «ជីបម៉ុង អ៊ិនស៊ី ស៊ីមេន» ក្នុងខេត្តកំពតមានការរីកចម្រើនជាបន្តបន្ទាប់។

ទោះបីយ៉ាងណាលោកជានាយកក្រុមហ៊ុន នៅតែសម្ដែងការជួយឧបត្ថម្ភគាំទ្រក្នុងស្មារតីទឹកចិត្តសប្បុរសធម៌ ដោយស្ម័គ្រស្មោះ ដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការងារសង្គម និងមនុស្សធម៌ ពិសេសក្នុងស្ថានភាព ដែលរដ្ឋបាលខេត្តកំពត បាននឹងកំពុងសកម្មយកចិត្តទុកដាក់ប្រយុទ្ធនឹងបង្ការទប់ស្កាត់ជំងឺកូវីដ១៩។

លោក ជាវ តាយ ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃ របស់ក្រុមហ៊ុនជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ដែលកន្លងមក តែងតែជួយឧបត្ថម្ភគាំទ្រទាំងថវិកា ស្បៀងអាហារ និងសម្ភារៈ ក្នុងការរួមចំណែកជាមួយរដ្ឋបាលខេត្តកំពត ដើម្បីជួយដល់ការងារមនុស្សធម៌ និងកិច្ចការសង្គម ពិសេសប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ ក្នុងស្ថានភាពរដ្ឋបាលខេត្តកំពតកំពុងយកចិត្តទុកដាក់ប្រយុទ្ធ បង្ការទប់ស្កាត់ជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះជាដើម។

ហើយរូបលោកក្នុងនាមរដ្ឋបាលខេត្ត នឹងនាំយកអំណោយទាំងនេះ ចាត់ចែងផ្តល់ជូនជាបន្ទាន់ ទៅដល់រដ្ឋបាលក្រុង ស្រុកទាំង៨ និងឃុំ សង្កាត់ ទាំង៩៣ ក្នុងខេត្ត ដើម្បីផ្ដល់ជូនបន្តដល់ប្រជាពលរដ្ឋងាយរងគ្រោះ ពិសេសប្រជាពលរដ្ឋ កំពុងរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកំពត។

អំណោយ និងថវិកា ដែលក្រុមហ៊ុនជីបម៉ុង ផ្ដល់ជូនរដ្ឋបាលខេត្តកំពត រួមមាន៖

*ទី១៖ ថវិកា ចំនួន១ម៉ឺនដុល្លារ ដើម្បីជួយឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត
*ទី២៖ អង្ករ ២០តោន, ម៉ាស់ ១២កេស ស្មើ៦០០ប្រអប់ មាន៣ម៉ឺនម៉ាស់ និងទឹកអាកុលចំនួន១០កាន ស្មើ៣០០លីត្រសម្រាប់រដ្ឋបាលខេត្ត។

ក្រោយពីទទួលអំណោយពីក្រុមហ៊ុនជីបម៉ុងខាងលើភ្លាម គឺរដ្ឋបាលខេត្តនឹងនាំយកអំណោយទាំងនេះថែមទាំងអំណោយសម្ភារដទៃបន្ថែមទៀតសរុបរួមមាន៖ អង្ករចំនួន ២០តោន, ម៉ាសចំនួន៩៣០ ប្រអប់ស្មើនឹង៤៦.៥០០សន្លឹក, អាល់កុល ០៨កាន ស្មើនឹង២៤០លីត្រ, អំពូលភ្លើងសូឡាចំនួន ២៧៩គ្រឿង និងពិលសាកភ្លើងអគ្គិសនី ចំនួន ១៣៣គ្រឿង បន្តចាត់ចែងផ្តល់ជូនជាបន្ទាន់ ទៅដល់រដ្ឋបាលក្រុង ស្រុកចំនួន៧ ក្នុងមួយក្រុង ស្រុក ទទួលបានអង្ករចំនួន២តោន ដោយឡែកស្រុកកំពង់ត្រាច ដែលមានរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ច្រើនជាងគេ ទទួលបានអង្ករចំនួន ៦តោន។

ចំណែកសម្ភារប្រើប្រាស់ជូនដល់ក្រុង ស្រុកទាំង៨ ក្នុងមួយក្រុង ស្រុក ទទួលបានពិលចំនួន៥គ្រឿង, ទឹកអាល់កុលចំនួន១កាន ស្មើនឹង៣០លីត្រ រីឯរដ្ឋបាលឃុំ សង្កាត់ទាំង៩៣ ក្នុង១ឃុំ សង្កាត់ ទទួលបានម៉ាស ចំនួន១០ប្រអប់ អំពូលភ្លើងសូឡា ចំនួន៣គ្រឿង និងពិលចំនួន០១គ្រឿង៕