(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា កម្ពុជានាពេលបច្ចុប្បន្នកំពុងតែពីរ គឺ «កម្ពុជាពិត» កំពុងមានការអភិវឌ្ឍ និងរីកចម្រើននិងកម្ពុជា លើទំព័រព័ត៌មានលើកឡើងដោយជនជាតិកម្ពុជាមួយចំនួនថា ដូចជានរកលោកិយ។

ការថ្លែងរបស់សម្តេចនាយករដ្ឋមន្រ្តី បានធ្វើឡើងក្នុងឱកាស ដែលសម្តេចអញ្ជើញបើកសម្ពោធដាក់ឲ្យដំណើរការស្ថានីយ អ្នកដំណើរថ្មី នៃព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីមានបណ្តាញព័ត៌មាន ក៏ដូចជាមេដឹកនាំគណបក្សប្រឆាំង ជាពិសេសលោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេស ដើម្បីគេចពីការតាមចាប់របស់សមត្ថកិច្ចកម្ពុជា តែងបានសរសេរលើទំព័រ Facebook របស់លោក ដោយលើកតែរឿងបញ្ហាដីធ្លី និងសកម្មភាពនានា តែមិនបានបង្ហាញពីការអភិវឌ្ឍ ក៏ដូចជា ភាពរីកចម្រើនរបស់ កម្ពុជានោះទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «កម្ពុជា មានពីរ ទី១ គឺកម្ពុជាពិត និងទី២ កម្ពុជាលើទំព័រសារព័ត៌មាន ដែលមនុស្សមួយចំនួន បានទៅបរិ ហារកេរ្តិ៍ ឬនិយាយអាក្រក់ពីកម្ពុជា វាសឹងតែកម្ពុជា ជាឋាននរកលោកិយ។ កម្ពុជាយើងខ្ញុំពិតជាមានពីរ កម្ពុជាពិត និងកម្ពុជា លើទំព័រសារព័ត៌មាន កម្ពុជាលើទំព័រសារព័ត៌មាននៅក្រៅប្រទេស តាមរយៈ នៃការសរសេរផ្សាយរបស់មនុស្សមួយចំនួន រាប់ទាំងជនជាតិកម្ពុជាមួយចំនួន គឺកម្ពុជានោះ មិនគួរឲ្យចង់រស់នៅ មិនគួរឲ្យចង់មកទស្សនកិច្ចទេ»។

តែទោះជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា ឯករដ្ឋទូតបារាំង និងបណ្តាឯកអគ្គរដ្ឋទូតមកពីសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា ហើយបានចូលរួមសម្ពោធស្ថានីយអ្នកដំណើរនាព្រឹកថ្ងៃនេះ បាននិងកំពុងរួមជាជាមួយរាជរដ្ឋាភិបាល ឋិតលើកម្ពុជាពិត ដែលជាកម្ពុជាកំពុងមានសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើន។

សម្តេចតេជោ បានបន្ថែមថា ប្រសិនបើប្រទេសកម្ពុជា មិនមានសុវត្ថិភាពទេនោះ គ្មានយន្តហោះមេដឹកនាំប្រទេសអ្នកមាន ប្រទេសមហាអំណាច ដូចជាលោក ប៉ារ៉ាក់ អូបាម៉ា មកចុះចតនៅព្រលានយន្តហោះកម្ពុជានោះឡើយ។ «នេះគឺជាកម្ពុជាពិត មិនមែនកម្ពុជាលើសារព័ត៌មានទេ»៕