(ភ្នំពេញ)៖ អ្នករត់ម៉ូតូកង់បី ដែលមានគោលដៅ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាង៤០នាក់ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួមស្តាប់ និងទទួលបានការផ្សព្វផ្សាយ អំពីច្បាប់ចរាចរណ៍ផ្លូវគោក ពីសំណាក់លោកវរសេនីយ៍ទោ ប៉ែន ឃុន នាយរងការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដែលធ្វើឡើងនៅមន្ទីរទេសចរណ៍។

នៅចំពោះមុខអ្នករត់ម៉ូតូកង់បី លោក ប៉ែន ឃុន ដែលមានបទពិសោធន៍លើការដោះស្រាយ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ រាប់សិបឆ្នាំនោះ បានថ្លែងថា បន្ទាប់ពីរាជរដ្ឋាភិបាល បានដាក់ឲ្យប្រើប្រាស់នូវ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីរួចមកនោះ នគរបាលចរាចរណ៍ទាំងអស់ នៅរាជធានីភ្នំពេញ ក្រោមការណែនាំរបស់ស្នងការ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបង្កើន និងអនុវត្តច្បាប់ចរាចរណ៍ តាមដងផ្លូវកាន់តែមានប្រសិទ្ធភាព ដូច្នេះសកម្មភាពទាំងនេះ នឹងបង្ខំឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ ហើយចូលរួមគោរពបានគ្រប់គ្នាៗ។

លោក ប៉ែន ឃុន បានថ្លែងបន្តទៀតថា ចំពោះបងប្អូនដែលរកស៊ីរត់ម៉ូតូកង់បី ទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅពេល ធ្វើដំណើរម្តងៗ ពីព្រោះនៅពេលជួបគ្រោះថ្នាក់ចរាចរណ៍ នឹងជួបផលលំបាកយ៉ាងច្រើនដូចជា ត្រូវប្រឈមការផាកពិន័យ ហើយបើធ្ងន់ធ្ងរត្រូវនឹងត្រូវឃាត់ខ្លួន បញ្ជូនទៅតុលាការទៀតផង។

លោកក៏បានសង្កត់ធ្ងន់លើការប្រើជាតិអាល់កុល ដែលជាកត្តាដ៏សំខាន់មួយនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ហើយជាពិសេស ទៀតនោះ គឺពុំមានភ្ញៀវហានជិះជាមួយនោះទេ។ ជាចុងក្រោយ នាយរងការិយាល័យចរាចរណ៍រូបនេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋ មេត្តាចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នាៗ ដើម្បីជួយកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងសង្គម របស់យើង៕