(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ តំណាងឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ បានប្រគល់រថយន្តពន្លត់អគ្គិភ័យទម្លុះជញ្ជាំង១គ្រឿង ដល់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និង១គ្រឿងទៀត ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ រថយន្តពន្លត់អគ្គិភ័យទម្លុះជញ្ជាំងនេះ មានសមត្ថភាពពន្លត់អគ្គិភ័យបានរយះកម្ពស់ខ្ពស់ និងបានពីចម្ងាយផងដែរ។

រថយន្តទាំង២គ្រឿងនេះ គឺជាអំណោយរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក នេត វន្ថា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានបំពាក់នូវ សម្ភារ មធ្យាបាយ ជាពិសេសរថយន្តពន្លត់អគ្គិភ័យដល់នាយកដ្ឋានជំនាញ ក៏ដូចជា ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដើម្បីមានលទ្ធភាពជួយសង្រ្គោះប្រជាពលរដ្ឋ ក្នុងករណីកើតហេតុការណ៍គ្រោះអគ្គិភ័យកើតឡើង។

ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យដែលបានផ្តល់ជូននាយកដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាពេលនេះ គឺមានអត្ថប្រយោជន៍ច្រើនជាងរថយន្តដែលប្រទេសកម្ពុជា បានប្រើពីកន្លងទៅ ដោយសាររថយន្តនេះអាចផ្ទុកទឹកបាន៨ពាន់លីត្រ និងធ្វើការបាញ់ទឹកចេញបានលឿន ក្នុងរយៈកម្ពស់ជាង ៣០ម៉ែត្រ ជាពិសេសអាចស្វានបុកជញ្ជាំងបានថែមទៀតផង។

ឧត្តមសេនីយ៍ឯក ក៏បានសំណូមពរដល់នាយកដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានរថយន្តនេះហើយ សូមថែទាំឱ្យបានល្អ ដើម្បីជាប្រយោជន៍បម្រើប្រជាពលរដ្ឋ និងសង្គមជាតិ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក នេត វន្ថា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីអគ្គិភ័យ ដែលករណីនេះតែងតែកើតឡើងជារើយៗ មិនថារដូវវស្សា ឬក៏រដូវប្រាំងនោះទេ ដូច្នេះក្នុងគេហដ្ឋាននីមួយៗ គប្បីមានឧបករណ៍សង្រ្គោះបឋម ដូចជាបំពង់ពន្លត់អគ្គិភ័យជាដើម ហើយបើទោះបីជាមន្រ្តីជំនាញមានរថយន្ត និងសម្ភារទំនើបក្តី ក៏បងប្អូនមិនត្រូវធ្វើការធ្វេសប្រហែសនោះឡើយ៕