(ភ្នំពេញ)៖ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមទាំងសមាជិករបស់ខ្លួន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ បាននាំយក គ្រឿងឧបភោគបរិភោគ និងថវិកា ចំនួន៤០លានរៀល ចូលរួមឧបត្ថម្ភដល់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ពិធីប្រគល់និងទទួល គ្រឿងឧបភោគបរិភោគ និងថវិកា ចំនួន៤០លានរៀល ធ្វើឡើងក្រោមអធិបតីភាពរបស់ លោក ពេញ ធារម្យ សមាជិកក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងលោក ហេង កូយ ប្រធានចាត់ការទូទៅនៃសមាគមធនាគារនៅកម្ពុជា តំណាងឲ្យលោក បណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា និង លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមទាំងបុគ្គលិកជាន់ខ្ពស់ លេខាធិកាដ្ឋាននៃសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

សម្ភារ និងគ្រឿងឧបភោគបរិភោគទាំងអស់រួមមាន៖ អង្ករ ចំនួន ៥ តោន, ត្រីខកំប៉ុង ចំនួន ២.០០០យួរ ទឹកស៊ីអ៊ីវ ចំនួន ២.២០០យួរ, ទឹកត្រី ចំនួន ២.២០០យួរ, រួមទាំងថវិកាចំនួន ៤០លានរៀល (សែសិបលានរៀល)។

លោក ហេង កូយ ប្រធានចាត់ការទូទៅ នៃសមាគមធនាគារនៅកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាល ជាពិសេស សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលតែងតែបានយកចិត្តទុកដាក់ និងបានចាត់វិធានការទាន់ពេលវេលា ដើម្បីដោះស្រាយផលប៉ះពាល់បណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកក៏សូមថ្លែងអំណរគុណផងដែរ ដល់សមាជិកទាំងអស់ ដែលបានចូលរួមបរិច្ចាគនូវធនធានរបស់ខ្លួនទៅកាន់រាជរដ្ឋាភិបាលដោយផ្ទាល់ និង តាមរយៈសមាគមទាំងពីរ ក្នុងគោលបំណងចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។

លោក ហេង កូយ បញ្ជាក់ផងដែរថា៖ «សមាគមទាំងពីររួមទាំងសមាជិកទាំងអស់ នៅតែបន្តចូលរួមបរិច្ចាគទាំងធនធានថវិកានិងសម្ភារតិចក្តីច្រើនក្តី ជូនដល់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍និងនៅក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីឲ្យសេដ្ឋកិច្ចសង្គមកម្ពុជាប្រព្រឹត្តទៅរកប្រក្រតីភាពឡើងវិញនៅក្នុងរយៈពេលដ៏ខ្លី ខាងមុខ»

គួរបញ្ជាក់ថា គិតត្រឹមដើមឆ្នាំ២០២១ រហូតមកទល់ពេលនេះគឺជាលើកទី២ហើយដែលសមាគមទាំងពីរនិងសមាជិករបស់ខ្លួនបានចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា បរិច្ចាគនូវគ្រឿងឧបភោគបរិភោគ និងធនធានថវិកា ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺរាតត្បាតកូវីដ-១៩ ដែលបាននឹងកំពុងឆ្លងរីករាលដាលពាសពេញផ្ទៃប្រទេស។

លោក ពេញ ធារម្យ សមាជិកក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានថ្លែងអំណរគុណដល់សមាគមទាំងពីរដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោកបានមានប្រសាសន៍ថា រាល់ជំនួយឧបត្ថម្ភទាំងអស់របស់សប្បុរសជននឹងបញ្ជូនទៅតាមមន្ទីរពេទ្យ ចែកជូនអ្នកជំងឺ និងបញ្ជូនទៅតាមតំបន់គោលដៅផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជា។

លោក ធារម្យ បានបញ្ជាក់បន្ថែមថា៖ «ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) យើងខ្ញុំសូមថែ្លងអំណរគុណ ដល់សមាគមហិរញ្ញវត្ថុទាំងពីរ [សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា] ដែលបានចូលរួមជាមួយ TYDA ក្នុងការចែករំលែកសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋនិងក្រុមការងារទាំងអស់។ យើងខ្ញុំក៏សូមជូនពរឲ្យបេសកម្មរបស់សមាគមទាំងពីរ ឲ្យជោគជ័យ និងរីកចម្រើនដើម្បីជាប្រយោជន៍ ដល់សង្គមជាតិទាំងមូល»