(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានបន្តចាត់ឲ្យក្រុមការងារ ដែលមានលោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ យកស្បៀងអាហារ ជូនពលរដ្ឋធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ចំនួន២៨គ្រួសារ ស្មើនឹង១១៩នាក់ ក្នុងភូមិព្រែករទាំង ភូមិព្រែកថ្លឹង ភូមិក្រាំងស្វាយ ភូមិស្រីស្នំ និងភូមិព្រែកកំពឹស។

អំណោយជាស្បៀងរួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ព្រមទាំងឱសថបុរាណចិនព្យាបាលក្អក ផ្តាស់សាយ ក្តៅខ្លួន ឈឺក្បាល ការពារសួត។

ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូនចំពោះប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក តាមផ្ទះរៀងខ្លួនទាំងអស់ សូមអត់ធ្មត់នៅដាច់ដោយឡែកបន្តមួយរយៈទៀត ដើម្បីឲ្យប្រាកដថាមានសុវត្ថិភាព ជៀសឆ្ងាយពីជំងឺឆ្លងកូវីដ-១៩ និងសូមចូលរួមអនុវត្តឲ្យបាននូវវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងវិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្កាទប់ស្កាត់កូវីដ-១៩៕