(ភ្នំពេញ)៖ ក្រសួងការងារ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ស្អែកនេះ នឹងរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ ឆ្នាំ២០២១ ក្រោម ប្រធានបទ «TVET ធ្វើឲ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់»។

ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវដល់សិស្សានុសិស្ស យុវជន និងសាធារណជន រង់ចាំការផ្សាយផ្ទាល់ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ ឆ្នាំ២០២១ ក្រោមប្រធានបទ «TVET ធ្វើឱ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់» នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង៨៖៣០នាទីព្រឹក តទៅតាមរយៈហ្វេសប៊ុកផ្លូវការ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង TVET-News។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗកន្លងមកនេះ បានចេញសារាចរ ស្ដីពីការរៀបចំទិវាជាតិ អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ ឆ្នាំ២០២១ ក្រោមប្រធានបទ «TVET ធ្វើឲ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់» ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។

ក្នុងសារាចរបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយ ទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជនឲ្យបានយលអំពីសារៈសំខាន់នៃ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ហៅថា TVET ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញ ប្រកបដោយគុណភាព និងប្រសិទ្ធភាពឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ការងារទាំងក្នុង និងក្រៅប្រទេស៕