(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានផ្ដល់ស្បៀងអាហារ និងសម្ភារការពារជំងឺកូវីដ១៩ ជូនដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្ដចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យលោកឧត្ដមសេនីយ៍ត្រី ជិន វិទ្យា ស្នងការរងផែនការងារធនធានមនុស្ស ជាតំណាងប្រគល់ជូនអធិការដ្ឋាននគរបាលក្រុង-ស្រុក ទាំង៥, ការិយាល័យជំនាញ និងកងអន្តរាគមន៍ពិសេស របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

ស្បៀងអាហារ និងសម្ភារបរិក្ខាការពារជំងឺកូវីដ១៩ ទាំងអស់នោះ រួមមាន៖ មី៩១កេសធំ, អង្ករ១០៥បាវ, ទឹកត្រី៦០យួរ, ទឹកស៉ីអ៉ីវ៦០យួរ, ទឹកសុទ្ធ៣៧៦កេស, ម៉ាស់ខ្មៅ ២២,៨០០ម៉ាស់, ម៉ាស់ខៀវ ១០៣,០៦០ម៉ាស់, ទឹកអាកុល៤៧ប៊ីដុងធំ, ស្រោមដៃ ៧,៧០០គូរ និងរបាំងមុខ៧៦៨របាំង។

ឆ្លៀតក្នុងឱកាសនោះ លោឧត្តមសេនីយ៍ត្រី ជិន វិទ្យា បានណែនាំទៅដល់កងកម្លាំងទាំងអស់ ឲ្យយកចិត្តទុកដាក់លើការថែរក្សាសុខភាពឲ្យបានល្អ និងរួមគ្នាអនុវត្តឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៣ការពារ និង៣កុំ ឲ្យបានម៉ឺងម៉ាត់ជាទីបំផុត ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ១៩៕