(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងពីអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក ជុំ សុន្ទរី បានឲ្យដឹង នៅព្រឹកថ្ងៃនេះថា ពលករខ្មែរ១៥នាក់ ដែលអាជ្ញាធរថៃឃាត់ខ្លួនពីលើទូកនេសាទថៃ២គ្រឿង ដែលអាជ្ងាធរថៃសង្ស័យជាជនរងគ្រោះ នៃការជួញដូរមនុស្ស កំពុងស្ថិតនៅកន្លែងមានសុវត្ថិភាព និងសូមឲ្យក្រុមគ្រួសារកុំឲ្យមានការព្រួយបារម្ភ ហើយស្ថានទូតក៏បាន ជួយសម្រួលឲ្យសាច់ញាតិរបស់ពលករ មួយចំនួន បានធ្វើដំណើរទៅសួរសុខទុក្ខដល់មជ្ឈមណ្ឌលនៅក្នុងទឹកដីផងដែរ។

ក្រសួងការបរទេសបានជូនដំណឹងយ៉ាងដូច្នេះថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៦ អាជ្ងាធរថៃបានឃាត់ទូកនេសាទថៃចំនួន ២គ្រឿង ឃើញមានពលករខ្មែរ ១៥ នាក់ ដែលអាជ្ងាធរថៃសង្ស័យជាជនរងគ្រោះ ដោយសារការជួញដូរមនុស្សក៏បាននាំយក ទៅរក្សាទុកនៅមជ្ឈមណ្ឌលស្តារនិតិសម្បទា ជនរងគ្រោះដោយការជួញដូរមនុស្សខេត្ត Ranong ។ ពលករខ្មែរទាំង ១៥ នាក់នោះ មានឈ្មោះ ៖
១-    នឹម ញ៉ាវ  អាយុ ២៨ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ស្ពឺ
២-    នឹម សុឃឿ  អាយុ ២៦ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ស្ពឺ
៣-    នឹម សុខា  អាយុ ១៩ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ស្ពឺ
៤-    ថុន ម៉ី  អាយុ ៣១ឆ្នាំ មានស្រុកកំណើត នៅខេត្តស្វារៀង
៥-    ថុន ភា  អាយុ ២៧ឆ្នាំ មានស្រុកកំណើត នៅខេត្តស្វារៀង
៦-    ថុន ពុធ  អាយុ ២៤ឆ្នាំ មានស្រុកកំណើត នៅខេត្តស្វារៀង
៧-    ទូច វ៉ាន់  អាយុ ៣០ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពត
៨-    ធី រ៉េត  អាយុ ៤៤ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ធំ
៩-    ណែ មាន  អាយុ ១៩ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ធំ
១០- ប៊ុន ធឿន  អាយុ ២៣ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ធំ
១១- ឈឹម ណន  អាយុ ៦២ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ធំ
១២- មូល រឿន  អាយុ ២៥ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ស្ពឺ
១៣- សាម វុទ្ធី  អាយុ ៣៣ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ស្ពឺ
១៤- ឃន់ សុឃិន  អាយុ ៣៥ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ចាម
១៥- ពូន ភា  អាយុ ២៦ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពត

បន្ទាប់ពីបានទទួលព័ត៌មាននេះ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ ឲ្យចុះសួរសុខទុក្ខ ទំនាក់ទំនងជាមួយអាជ្ងាធរថៃ ជំរុញឲ្យមានការដោះលែងពលករទាំង១៥នាក់ បានឆាប់រហ័ស ហើយនិងទាមទារសំណងពីក្រុមហ៊ុនទូកនេសាទថៃ ជូនដល់ពលករទាំងអស់។

នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ ស្ថានឯកអគ្គរាជទូត បានទៅសួរសុខទុក្ខពលករទាំង ១៥នាក់ នៅមជ្ឈមណ្ឌលខេត្ត Ranong និងបានជួបអាជ្ងាធរមូលដ្ឋានរបស់ថៃ ដើម្បីដោះស្រាយ តាមការណែនាំរបស់ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដោយទទួលបាន លទ្ធផលដូចខាងក្រោម៖

- អាជ្ងាធរមូលដ្ឋានថៃ ស្នើសុំឲ្យពលករទាំងអស់ស្នាក់នៅក្នុងមជ្ឈមណ្ឌលមួយរយៈសិន ដើម្បីធ្វើសាក្សីក្នុងការចោទប្រកាន់ ក្រុមហ៊ុនទូកនេសាទថៃ ពីបទជួញដូរកម្លាំងពលកម្មមនុស្ស។

- នៅថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៦ តុលាការនឹងកោះហៅសាក្សីទាំងអស់ទៅផ្តល់ចម្លើយ។ តុលាការអាចពិចារណាអនុញ្ញាតឲ្យ ពលករ ចាកចេញពីថៃ ក្នុងករណីទទួលបានចម្លើយគ្រប់ គ្រាន់ហើយ។

- នៅពេលនេះ ក្រុមហ៊ុនទូកនេសាទ បានយល់ព្រមទូទាត់ឲ្យពលករនូវទឹកប្រាក់ចំនួន ២៥០០០បាតក្នុងម្នាក់ៗរួចហើយ ដោយប្រគល់ ឲ្យមជ្ឈមណ្ឌល រក្សាទុកជូនដល់ជនរងគ្រោះ។

តាមការពនិត្យរបស់ស្ថានទូត ពលករខ្មែរទាំងនេះ ត្រូវបានមជ្ឈមណ្ឌលយកចិត្តទុកដាក់មើលយ៉ាងល្អ ដោយមានកន្លែងស្នាក់នៅ សមរម្យ ការហូប-ចុក៣ពេលក្នុងមួយថ្ងៃ និងម្ហូប៣មុខក្នុង១ពេល ។ល។

ស្ថានទូត ក៏បានទំនាក់ទំនងជូនព័ត៌មានដល់គ្រួសារពលករទាំង ១៥នាក់ រួចហើយ ដើម្បីកុំឲ្យមានការព្រួយបារម្ភហើយក៏បាន ជួយសម្រួល ឲ្យសាច់ញាតិរបស់ពលករមួយចំនួន បានធ្វើដំណើរទៅសួរសុខទុក្ខដល់មជ្ឈមណ្ឌល៕