(ពោធិ៍សាត់)៖ លោក ខូយ រីដា ប្រធានគណៈកម្មាធិការតំណាងលោក ម៉ៅ ធនិន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីក្រុមការងារនាំយកអំណោយមនុស្សធម៌ ជូនគ្រួសារសព ស្ត្រីមានផ្ទៃពោះជិតគ្រប់ខែ ដែលស្លាប់ដោយសារជំងឺថប់ដង្ហើម ដល់លំនៅដ្ឋានត្រង់ចំណុចអូរដេកា ក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែងនារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦។

លោក ម៉ា សុភី តំណាងភូមិ និង ជាប្តីបានឲ្យដឹងថា ភរិយារបស់លោកឈ្មោះ កែវ វណ្ណា អាយុ៤២ឆ្នាំ ជានាយិកាសាលាបឋមសិក្សាអូរដេកាមានផ្ទៃពោះជិតគ្រប់ខែ ចេះតែថប់ដង្ហើម ណែនដើមទ្រូង និងឡើងស្លេះរហូតដាច់ខ្យល់ស្លាប់។ ដោយសារអាការៈបែបនេះ លោកក៏បានបញ្ជូនភរិយារបស់លោកមកកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីធ្វើការសង្រ្គោះ តែមិនទាន់មកដល់មន្ទីរពេទ្យផង ក៏ស្លាប់បាត់បង់ជីវិតតាមផ្លូវ ទាំងកូននៅក្នុងផ្ទៃជិតគ្រប់ខែនៅ វេលាម៉ោង៥និង១០នាទីថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៦ ដែលជាកូនលើកទី៣គួរឲ្យសង្វេគយ៉ាងខ្លាំង។

ដំណឹងនេះបានទៅដល់លោក ម៉ៅ ធនិន អភិបាលខេត្ត បានអញ្ជើញទៅដល់មន្ទីរពេទ្យភ្លាមៗ ដើម្បីជួបជាមួយក្រុមគ្រួសារសព ព្រមទាំងបានផ្តល់នូវថវិកា២លានរៀល សម្រាប់ចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី និងបានចាត់ឲ្យមន្រ្តីសាខាកាកបាទក្រហមខេត្ត យកអំណោយមនុស្សធម៌មកប្រគល់ជូនបន្ថែមទៀត។

លោក ខូយ រីដា បានសម្តែងនូវការសោកស្តាយ អំពីការបាត់បង់ភរិយា ម្តាយ និងជាគ្រូបង្រៀនម្នាក់ជាទីគោរពស្រឡាញ់និង សូមចូលរួមរំលែកមរណទុក្ខ ជាមួយគ្រួសារសព ដោយក្តីអាឡោះអាឡៃ ជាទីបំផុត ដោយបានពាំនាំនូវការផ្តាំផ្ញើ និងសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ គិតគូសុខទុក្ខដល់ប្រជាពលរដ្ឋជាពិសេសស្ត្រី ជាក់ស្តែងដូចជា សពស្ត្រី កែវ វណ្ណា នេះជាដើម ត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត យកចិត្តទុកដាក់យ៉ាងខ្លាំង ដោយមិនប្រកាន់អំពីនិន្នាកាអ្វីឡើយ ដូចពាក្យថា «ទីណាប្រជាពលរដ្ឋមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ។

លោកបានផ្តាំផ្ញើដល់អាជ្ញាធរ ភូមិឃុំស្រុក ក៏ដូចបងប្អូនក្រុមគ្រួសារសព រៀបចំចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី និងគ្រប់គ្រងកូនចៅឲ្យបានល្អ អត់ពីម្តាយទៅ ដើម្បីឲ្យអ្នកទាំងនោះមានអនាគតទៅថ្ងៃមុខ។  អំណោយមនុស្សធម៌សាខាកាកបាទក្រហមខេត្ត ផ្តល់ដល់គ្រួសារសពរួមមាន អង្ករ ១០០គីឡូក្រាម, ទឹកក្រូច ២កេស, ទឹកបរិសុទ្ធ ៤កេស, ទឹកត្រី ៨យួរ, ទឹកស៊ីអ៊ីវ ២យួរ និង ថវិកា ៥០ម៉ឺនរៀល ។

ក្រៅពីនោះលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ថវិកា ៥០ម៉ឺនរៀល, មន្ទីរសុខាភិបាលខេត្ត ថវិកា ២០ម៉ឺនរៀល, មន្ទីរអប់រំយុវជន និង កីឡាខេត្ត ថវិកា ៣០ម៉ឺនរៀល និង អាជ្ញាធរ ស្រុក ឃុំ ថវិកា៤១ម៉ឺនរៀល៕