(ភ្នំពេញ)៖ រដ្ឋាភិបាលស្វីស បានស្នើកម្ពុជា ឲ្យគាំទ្រខ្លួន ចូលជា «ដៃគូតាមវិស័យរបស់អាស៊ាន» ដើម្បីពង្រីកភាពជាដៃគូអភិវឌ្ឍជា មួយប្រទេសក្នុងតំបន់អាស៊ាន ហើយកម្ពុជា ក៏បានប្រកាសគាំទ្រទៅលើសំណើនេះផងដែរ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយពិធីចុះហត្ថ លេខាលើកិច្ចព្រមព្រៀង ក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ អភិវដ្ឍន៍រវាងកម្ពុជា-ស្វីស នៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះថា ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានប្រកាសថា កម្ពុជា គាំទ្រទាំងស្រុងចំពោះការចង់ចូលជា «ដៃគូតាមវិស័យរបស់អាស៊ាន» តាម សំណើរបស់ស្វីស។

បើតាមលោក ជុំ សុន្ទរី ក្នុងពិធីចុះហត្ថលេខានេះ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានប្រាប់ទៅឯកអគ្គរដ្ឋទូតស្វីសថា លោក បានណែនាំទៅតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ប្រចាំនៅអាស៊ាន ឲ្យគាំទ្រចំពោះបេក្ខភាពរបស់ស្វីស ចូលជាដៃគូតាមវិស័យរបស់អាស៊ាន នេះហើយ។

លោក ជុំ សុន្ទរី បានបញ្ជាក់ថា ការចូលជា «ដៃគូតាមវិស័យរបស់អាស៊ាន» គឺដំណាក់កាលដំបូងរបស់ប្រទេសណាមួយ មុននឹងក្លាយទៅជាដៃគូសហប្រតិបត្តិការជាមួយអាស៊ាន៕