(ភ្នំពេញ)៖ រដ្ឋាភិបាលស្វីស បានប្តេជ្ញាជួយកម្ពុជា សម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាព ជាពិសេសចូលរួម​កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខុ​មាលភាពរបស់​ប្រជាពលរដ្ឋ​កម្ពុជា។ ស្វីស ក៏បានសន្យាជួយធានានូវនិរន្តភាព នៃដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

ការសន្យានេះ ត្រូវបានលើកឡើងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការអភិវដ្ឍន៍រវាងកម្ពុជា -ស្វីស នៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ រវាងឧបនាយ​ករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងកាបរទេសកម្ពុជា និងលោកលោក អ៉ីវ៉ូ ស៊ីបឺ (Ivo Sieber) ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅកម្ពុជា។ កិច្ចព្រមព្រៀងនេះ បានដាក់ចេញនូវលក្ខខណ្ឌ និងប្បញ្ញត្តិ​ជារួម សម្រាប់ឲ្យរដ្ឋាភិបាលស្វីសចូលរួមក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងផ្តល់ជំនួយបច្ចេកទេស ក្នុងភាពជាដៃគូជាមួយកម្ពុជា។

លោក អ៉ីវ៉ូ ស៊ីបឺ បានថ្លែថា ប្រទេសស្វីសមានការប្តេជ្ញាចិត្តជាពិសេស ចំពោះវិស័យសុខាភិបាល សមភាពយេនឌ័រ ទឹក សន្តិភាព និងបរិយាប័នសង្គម។ ប្រទេសស្វីស បានជួយធានាយ៉ាងណាឲ្យ ការប្រើប្រាស់ និង ការផលិតប្រកបដោយចីរភាពការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ និងតួនាទី នៃទេសន្តរប្រវេសន៍ក្នុងការអភិវឌ្ឍក្លាយជាអាទិភាពខ្ពស់ក្នុងរបៀបវារៈ ដែលបានចុះហត្ថលេខា។

លោកឯកអគ្គរដ្ឋទូត បានលើកឡើងថា ការអភិវឌ្ឍសង្គម និង សេដ្ឋកិច្ច មិនអាចសម្រេចទៅបានឡើយ, ប្រសិនបើពុំមានសន្តិភាព និងសន្តិសុខ ការលើកកម្ពស់សុខុមាលភាព មិនអាចសម្រេច​ទៅ​បាន, ប្រសិនបើពុំមានបរិស្ថានល្អ សន្តិសុខស្បៀងមិនអាចសម្រេចទៅបាន, ប្រសិនបើពុំមានទឹកប្រើប្រាស់របស់កូនៗនឹងពុំមានឡើយ ប្រសិនបើពុំមានការគ្រប់​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​ទេនោះ។

ដើម្បីដោះស្រាយនូវបញ្ហាដូចបានលើកឡើងនេះ លោក អ៉ីវ៉ូ ស៊ីបឺ បានអះអាងថា រដ្ឋាភិបាស្វីស បានត្រៀមខ្លួនជានិច្ចជួយដល់កម្ពុជា ។ លោកបានថ្លែងយ៉ាងដូច្នេះ «ប្រទេសស្វីស ប្តេជ្ញាគាំទ្រដល់​ប្រទេស​កម្ពុជា ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឲ្យស្របតាមស្ថានភាពក្នុងប្រទេស។ ខ្ញុំជឿជាក់ថា កិច្ចព្រមព្រៀងក្របខណ្ឌនេះ នឹងរួមចំណែក​សម្របសម្រួល​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍ និងភាពជាដៃគូរបស់យើងជាមួយប្រទេសកម្ពុជា សំដៅកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ការអភិវឌ្ឍតាមបែបប្រជាធិប តេយ្យ និងលើកកម្ពស់ ការគោ​រព​សិទ្ធិមនុស្ស»

លោក អ៉ីវ៉ូ ស៊ីបឺ ក៏បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ដែលបានខិតខំក្នុងការពង្រឹងសង្គតិភាពរវាងកំណែទម្រង់វិមជ្ឈ ការ ជាមួយនឹងកំណែទម្រង់អភិបាលកិច្ចពីរផ្សេងទៀត គឺកំណែ​ទម្រង់​រដ្ឋា​បាលសាធារណៈ និងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ដែលជាផ្តល់កម្លាំងខ្លាំងក្លាបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាពលរដ្ឋ ឆ្ពោះទៅសម្រេចឲ្យបាននូវ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានវាយតម្លៃខ្ពស់ចំពោះការចូលរួមសហការ និងការចូលរួមចំណែករបស់ប្រទេសស្វីស ក្នុងការលើកកម្ពស់ស្ថានភាពសង្គម និងសេដ្ឋកិច្ច និងកិច្ចខិតខំប្រឹងប្រែងនានា របស់ស្វីសក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្រ។

ក្នុងពិធីចុះហត្ថលេខានៅរសៀលថ្ងៃនេះ លោក ហោ ណាំហុង ក៏បានពិភាក្សាផ្តោតសំខាន់ពាក់ព័ន្ធដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដោយលោកទទូចឲ្យរដ្ឋាភិបាលស្វីស បន្តជួយគាំទ្រ ដើម្បីឲ្យមន្ទីរ​ពេទ្យមនុស្សធម៌មួយនេះ អាចបន្តដំណើរដោយនិរន្តរភាព។

លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានបញ្ជាក់ប្រាប់ឯករដ្ឋទូតស្វីសផងដែរថា មន្ទីរពេទ្យគន្ធបុប្ផាបានជួយកុមារកម្ពុជា បានយ៉ាងច្រើនក្នុងមួយថ្ងៃ។ ឆ្លើយនឹងសំណើនេះ លោក អ៉ីវ៉ូ ស៊ីបឺ បានអះ​អាងថា រដ្ឋាភិបាលស្វីស នៅតែបន្តជួយឲ្យមន្ទីរពេទ្យនេះដំណើរ ការទៅមុខ។

សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសស្វីស បានផ្តល់ជំនួយប្រមាណ ១២លានដុល្លារ សម្រាប់ជួយអភិវឌ្ឍន៍កម្ពុជា និង ផ្តល់ថវិកាប្រមាណ ៤លានដុល្លារក្នុងមួយឆ្នាំ សម្រាប់ជួយទ្រទ្រង់​ដំណើរការមន្ទីរ​ពេទ្យគន្ធបុប្ផា។ រដ្ឋាភិបាលស្វីសបានជួយមន្ទីរពេទ្យគន្ធបុប្ផាតាំងពីឆ្នាំ ១៩៩៤មកម្ល៉េះ។ មកដល់បច្ចុប្បន្នទឹកប្រាក់ប្រមាណ ៥៥លានដុល្លារហើយ ត្រូវបានរដ្ឋាភិបាលស្វីស បានជួយដល់គន្ធបុប្ផា៕