(ភ្នំពេញ)៖ ជនឆបោកម្នាក់ដែលតែងតែធ្វើសកម្មភាព ដើររៃអង្គាសប្រាក់ពីប្រជាពលរដ្ឋ អ្នករកស៊ី និងនៅតាមហាងនានាៗ ដោយយកឈ្មោះរបស់អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន ទៅប្រើប្រាស់នោះត្រូវបានអស់លក្ខណ៍ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ ក្រោយពីនគរបាលប៉ុស្តិ៍ជ័យជំនះ ធ្វើការឃាត់ខ្លួន។

មន្រ្តីសាលាខណ្ឌដូនពេញបានថ្លែងប្រាប់អង្គភាព Fresh News ថា «នៅវេលាម៉ោង ១២៖៣០នាទីរសៀលថ្ងៃនេះ កម្លាំងនគរបាលប៉ុស្តិ៍ជ័យជំនះ បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលតែងតែយកសំបុត្របុណ្យដើរបោកប្រាស់គេ ដោយយកលេសថាជាបុណ្យរបស់ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ»។

ក្រោយការឃាត់ខ្លួនបុរសខាងលើ មានឈ្មោះ ឡា បញ្ញាវុធ អាយុ៤៨ឆ្នាំ យកមកសួរនាំនៅប៉ុស្តិ៍នគរបាល ហើយជនល្មើសនេះបានសារភាពថា ខ្លួនពិតជាបានដើរបោកប្រាស់ប្រជាពលរដ្ឋ ដោយយកឈ្មោះលោក គួច ចំរើន ទៅប្រើប្រាស់ពិតប្រាកដមែន។ ក្រោយការសួរនាំចប់ជនឆបោករូបនេះត្រូវបានសមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនកាន់តុលាការចាត់ការតាមច្បាប់៕