(ភ្នំពេញ)៖ ផ្សាររដ្ឋក្នុងរាជធានីភ្នំពេញ បានបើកឱ្យដំណើរការលក់ដូរបានប្រមាណ ២សប្តាហ៍កន្លងមកហើយ តែពុំមានការរកឃើញជំងឺកូវីដ១៩នោះទេ។ ដោយសារលទ្ធផលបែបនេះ អាជ្ញាធរខណ្ឌរាជធានីភ្នំពេញ គ្រោងពង្រីកវិសាលភាព នៃការលក់ដូរនៅតាមផ្សាររដ្ឋទាំង២៥ ឱ្យបានទូលំទូលាយជាងមុន ប៉ុន្មានថ្ងៃខាងមុខឆាប់ៗនេះ។

នៅក្នុងកិច្ចប្រជុំតាមរយៈ video conference នៅសាលារាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៨ ខែមិថុនា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងថា ផ្សាររដ្ឋទាំង២៥ ត្រូវបានអាជ្ញាធរសម្រេចឱ្យបើកឲ្យដំណើរការ លក់ដូរឡើងវិញប្រមាណ ២សប្ដាហ៍កន្លងមកហើយ ដោយលក់ជាគ្រឿងឧបភោគបរិភោគ ត្រី សាច់ជាដើម។

ប៉ុន្តែមកដល់ពេលនេះ ពោលក្រោយពីបើកឲ្យដំណើរការឡើងវិញនោះឃើញថា នៅតាមផ្សាររដ្ឋទាំង២៥ មិនមានការឆ្លងរាលដាលជំងឺកូវីដ១៩នោះទេ។ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ នឹងពង្រីកវិសាលភាពនៃការបើកផ្សារទាំង២៥នេះ ឱ្យបានធំទូលាយជាងមុន។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកបញ្ជាក់ថា មុននៃការបើកវិសាលភាពផ្សារឱ្យបានទំលំទូលាយជាងមុននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការកោះប្រជុំជាមួយនឹងគណៈកម្មការផ្សារទាំង២៥ជាមុនសិន ដើម្បីពិនិត្យលទ្ធភាព ថាតើយើងគួតែពង្រីកវិសាលភាពផ្សារឱ្យបានក្នុងកម្រិតណា។

ក្រោយពីមានការប្រជុំពិភាក្សាគ្នាហើយនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចេញសេចក្តីជូនដំណឹងថ្មីមួយទៀត ដើម្បីជម្រាបជូនទៅគណៈកម្មការផ្សារទាំង២៥ និងសាធារណៈជន ឱ្យបានជ្រាបជាព័ត៌មាន ដោយសារតែប្រជាពលរដ្ឋ ភាគច្រើនបំផុតហើយ បានចេះការពារខ្លួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងការអនុវត្ត «៣កុំ និង៣ការពារ» បានល្អមានន័យថា ពួកគាត់ចេះរស់នៅក្នុងបដិបទថ្មី កូវីដ-១៩ហើយ៕