(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា គាំទ្រថវិកាដោយអង្គការ ភ្លែនអន្តរជាតិកម្ពុជា (Plan International Cambodia) បើកវគ្គបំប៉នស្ដីពីការប្រើប្រាស់សម្ភារៈឧបទេសក្នុងការបង្រៀន «ការអប់រំ បង្ការ ការទប់ស្កាត់គ្រោះថ្នាក់ បង្កដោយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់» ដល់មន្ត្រីបង្គោលគណៈកម្មការសុខភាពសិក្សារាជធានី ខេត្ត ស្រុក និងគ្រូឧទ្ទេសនៅតាមគ្រឹះស្ថាន បណ្ដុះបណ្ដាលគ្រូគោលដៅ និងគរុសិស្សនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តចំនួន១០រាជធានី-ខេត្ត គឺរាជធានីភ្នំពេញ កំពង់ចាម បាត់ដំបង បន្ទាយមានជ័យ សៀមរាប តាកែវ កំពត ព្រៃវែង កំពង់ស្ពឺ ព្រះសីហនុ តាមប្រព័ន្ធអនឡាញ។

វគ្គបំប៉ននេះ ប្រព្រឹត្តទៅក្រោមអធិបតី លោកស្រី បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធចំនួនជិត១០០នាក់ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ។

លោកស្រី វេជ្ជបណ្ឌិត ឆាយ គឹមសុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា បានថ្លែងនូវការស្វាគមន៍ទៅកាន់អង្គពិធីដោយប្រាប់ពីគោលបំណង គឺពង្រឹងសមត្ថភាពមន្ត្រីបង្គោលសុខភាពសិក្សា រាជធានី-ខេត្ត និងគ្រូឧទ្ទេសនៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ លើវិធីសាស្ត្របង្រៀន និងការប្រើប្រាស់សម្ភារៈ ឧបទេសក្នុងការបង្រៀន «ការបង្ការ ការទប់ស្កាត់គ្រោះថ្នាក់ បង្កដោយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់» សម្រាប់កម្រិតបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ និងវគ្គបំប៉នបន្ដល់គរុសិស្ស និងគរុនិស្សិតនៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូទាំងគ្រឹះស្ថានរដ្ឋ និងឯកជន ក្នុងខេត្តគោលដៅឲ្យមានប្រសិទ្ធភាព។

ថ្លែងក្នុងនាម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន, នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងអំណរគុណដល់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំអនុវត្តការងារ ប្រកបដោយការទទួលខុសត្រូវតាមយុទ្ធសាស្រ្តពហុវិស័យរបស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសលើគោលដៅយុវជន ដែលជាទំពាងស្នងឫស្សី ជាធនធានបន្តវេនរបស់ប្រទេសជាតិ បានរីកលូតលាស់ប្រកបដោយគុណភាព និងសក្តានុពល ហើយកម្មវិធីដែលបង្កើតដោយក្រសួងអប់រំ គឺមានការចូលរួមច្រើនណាស់ពីយុវជន មានជាអាទិ៍កម្មវិធីជជែកដេញដោល យុវជនថ្នាក់ជាតិជុំទី១ថ្មីនេះ មានអ្នកចូលទស្សនារហូតដល់ជិត៣លាននាក់។

ថ្លែងក្នុងនាមលោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ក្នុងឱកាសនោះដែរ លោកស្រី បណ្ឌិត សឿ សុជាតា ក៏បានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ ស្ថាប័ន អង្គភាព ពាក់ព័ន្ធទាំងអស់ និងអង្គការដៃគូ ដែលបានរួមគ្នាដើរលើមាគ៌ាតែមួយ សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ ពិសេសយុវជន ទទួលបានព័ត៌មាន និងចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាសង្គមផ្សេងៗ ពិសេសបញ្ហាដែលបណ្តាមកពីបញ្ហាគ្រឿងញៀន ដែលជាឃាតករលាក់មុខ បំផ្លាញដល់សុខភាព និងការរីកលូតលាស់របស់យុវជន ប្រទេសជាតិនឹងមិនអាចរុងរឿងបានទេ ប្រសិនបើមិនមានការចូលរួមពីយុវជន គឺយុវជនមានតួនាទីសំខាន់ណាស់ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

ជាមួយគ្នានេះ លោកស្រី បណ្ឌិត សឿ សុជាតា បានថ្លែងដោយបីតិសោមនស្សថា វគ្គបំប៉ននេះនឹងទទួលបានលទ្ធផល តាមការរំពឹងទុក គឺសិក្ខាកាម នឹងមានចំណេះដឹង ជំនាញ និងមានសមត្ថភាពក្នុងការប្រើប្រាស់សម្ភារៈឧបទេសក្នុងការបង្រៀន «ការបង្ការ ការទប់ស្កាត់គ្រោះថ្នាក់ បង្កដោយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់» ដើម្បីយកទៅបង្រៀនបន្តដល់ក្រុមគោលដៅ ប្រកបដោយមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា វគ្គបំប៉នស្ដីពីការប្រើប្រាស់សម្ភារៈឧបទេសក្នុងការបង្រៀន «ការអប់រំ បង្ការ ការទប់ស្កាត់គ្រោះថ្នាក់ បង្កដោយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់» នេះប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ៕